រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់


ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរចំនួន ៦៦,៥៥៦នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន៦៦,៥២៤នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៣២នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។

បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំមុន (ឆ្នាំ២០២៤) ភ្ញៀវទេសចរមានការកើនឡើង​ ប្រមាណ២,៣៥% (ទេសចរឆ្នាំ២០២៤ មានចំនួន៦៥,០២៥នាក់) នេះគឺស្ថិតិគិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥​។

ក្នុងរបាយការណ៍នោះ បានបញ្ជាក់ថា នាឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ម្សិលមិញ សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ ទាំង២៨មូលដ្ឋាន ភ្ញៀវទេសចរ មានចំនួន៤០,២៧៧នាក់ ស្រី១៧,៩២៦នាក់ បើប្រៀបធៀបនឹងភ្ជុំធំ ថ្ងៃទី២២ ទេសចរមានការកើនឡើង ១១៩,៩៣%។ សម្រាប់សេវាស្នាក់នៅ សណ្ឋាគារ បឹងកាឡូ ០៨មូលដ្ឋាន និងផ្ទះសំណាក់ ៨៦មូលដ្ឋាន មានភ្ញៀវស្នាក់នៅសរុប ១,៥៣០នាក់ ស្រី៧៧៨នាក់ បើប្រៀបធៀបនឹងភ្ជុំធំ ថ្ងៃទី២២ ទេសចរមានការកើនឡើង ៣៣,៥០%។

ប្រភពដដែលបានបន្ថែមថា ក្រុមការងារមន្ទីរបានចុះសហការ និងធ្វើការទំនាក់ទំនងជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងថែរក្សាអនាម័យ សុវត្ថិភាព ចំណីអាហារ និងបរិស្ថាន។ ជាមួយគ្នានោះរាល់តម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗក្នុងតារាងបញ្ជីតម្លៃ និងបានដាក់ភាសាខ្មែរនៅខាងលើ ភាសាបរទេសនៅខាងក្រោម។

ចំពោះសភាពការណ៍ទូទៅ តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត បានប្រព្រឹត្តទៅជាធម្មតាដោយពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ។

ស្របពេលគ្នានោះ ក៏មានបញ្ហាប្រឈម នៅសហគមន៍ទឹកធ្លាក់ច្រកល្អៀង​ មានករណីលង់ទឹក ដែលបានកើតឡើង នាវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ និងបានរកឃើញសពវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ ជនរងគ្រោះមានឈ្មោះ នុត ភេទប្រុស​ អាយុ​១៧ឆ្នាំ​ មានអាសយដ្ឋានរស់នៅស្រុកម៉ោងឬស្សី​ ខេត្តបាត់ដំបង​ មានមិត្តភក្តិមកលេងជាមួយ ចំនួន១៧នាក់ ស្រី២នាក់។ ក្នុងអំឡុងពេលកើតហេតុ ប្រជាសហគមន៍ និងមិត្តភក្តិជនរងគ្រោះ ព្យាយាមជួយសង្គ្រោះ ប៉ុន្តែជួយពុំបានដោយសារទឹកបោកខ្លាំង មនុស្សគាបជាប់នឹងថ្ម​៕