នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២៥ ការងារអាទិភាពប្រចាំឆ្នាំ ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០ បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ព្រមទាំងកិច្ចពិភាក្សាផ្ទៃក្នុងអាស៊ានត្រៀមសម្រាប់ការកិច្ចពិគ្រោះយោបល់ជាមួយដៃគូសន្ទនាអាស៊ាន។
នារសៀលថ្ងៃទី២៣ ខែកញ្ញាដដែល លោកជំទាវ និងនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២៣ផងដែរ។
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់បានពិនិត្យ និងផ្ដល់យោបល់លើគម្រោងសកម្មភាព ការងារអាទិភាព និងគំនិតផ្ដួចផ្ដើម របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៥ និងបានពិចារណាលើអនុសាសន៍ និងសំណូមពររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងកិច្ចការសមាហរកម្មសេដ្ឋកិច្ចអាស៊ាន៕