ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។
សូមរំលឹកថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជាខួបទី ៣២ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៥)។
ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ៕