សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈ និងបួងសួងដើម្បីជាការដឹងគុណដល់បុព្វបុរសដែលបានកសាងប្រាសាទ នៅប្រាសាទបន្ទាយទ័ព


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ភ្លេង និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនជាតិ និងមាតុភូមិ នៅប្រាសាទបន្ទាយទ័ព ស្ថិតនៅក្នុងភូមិថ្នល់ដាច់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ប្រាសាទបន្ទាយទ័ព ពុំមានសិលាចារឹក បញ្ជាក់ពីកាលបរិច្ឆេទ និងរាជ្យស្ដេចសាងសង់ទេ ប៉ុន្តែអ្នកស្រាវជ្រាវខ្មែរ និងបរទេសសិក្សា តាមរយៈសំណង់ស្ថាបត្យកម្ម, រចនាបថ សិល្បៈ និងសំណល់បដិមា មាននៅក្នុងបរិវេណប្រាសាទ ប្រហែលជាកសាងឡើង ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិស ចំពោះព្រះពុទ្ធសាសនា មហាយាន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស ពិសេស ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗព្រះអង្គ និងគ្រប់ៗគ្នា ជាពិសេសសូមគ្រប់ក្រុមគ្រួសារ ជៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរណ៍ កសិផល សម្បូរណ៍ទេសចរណ៍ ជៀសផុតពី គ្រោះ រាំងស្ងួត និងសូមឱ្យបទឈប់បាញ់អាចអនុវត្តទៅប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេច ម៉ែន សំអន ក៏បានបួងសួងដល់គុណបុណ្យ បារមី វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុង ឈរជើង ការពារ ទឹកដីពី ខ្មាំងសត្រូវ ពិសេសក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស កសាងប្រាសាទ អ្នកស្នេហាជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងបាត់បង់ជីវិត ក្នុងពេលប្រទេសជាតិជួបវិបត្តិ នៃភ្លើងសង្គ្រាមផងដែរ៕