ស្ថិតនៅក្នុងថ្ងៃអបអរសាទរទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវធ្វើយ៉ាងណាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសការពារប្រជាពលរដ្ឋឲ្យបានជាដាច់ខាត។
ឯកឧត្តម វ៉ី សំណាង បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកនាំយក នំអម្សម គ្រឿងហូបចុក និងថវិកាមួយចំនួនចុះចែកជូនដល់កម្លាំងកងរាជអាវុធហត្ថ នាយ នាយទាហានរង និងពលទាហាន នាយនគរបាល ពលនគរបាល ដែលកំពុងឈជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបញ្ជាក់ដែរថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មានភាពរឹងមាំក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ដោយសារកងកម្លាំងប្រដាប់អាវុធបានជួយទ្រទ្រង់ការពារ។ នៅពេលរដ្ឋធម្មនុញ្ញរឹងមាំ វានឹងនាំឲ្យប្រទេសមានស្ថិរភាព រាជរដ្ឋាភិបាលមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានប្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យជឿជាក់លើកការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទៅលើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយរាជរដ្ឋាភិបាលនឹងមិនធ្វើឲ្យបាត់បង់ទឹកដីហើយក៏មិនចង់បានទឹកដីពីប្រទេសណាដែរ៕