ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីតាំងចំណតផ្សារភួពុយ សង្កាត់លលកស ក្រុងពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឡើងជិះរថយន្តក្រុង ដោយឥតគិតថ្លៃ ដើម្បីវិលត្រឡប់ទៅបំពេញការងារ នៅបណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែរពួកគាត់បានមកលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។
ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ការផ្តល់ជូនរថយន្តក្រុងធ្វើដំណើរ ដោយឥតគិតថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ មកពីបណ្តារាជធានីខេត្ត ឆ្ពោះទៅស្រុកកំណើត ពិសេសខេត្តពោធិ៍សាត់យើងនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់ខេត្តពោធិ៍សាត់ មានរថយន្តក្រុង រដ្ឋបាលខេត្ត ចំនួន២៨គ្រួសារ រួមទាំងរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនគ្រឿងទៀត ដើម្បីអន្តរាគមន៍ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅបំពេញការងារវិញ ដោយចាប់អនុវត្តពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម ខូយ រីដា បន្ថែមថា ក្នុងកាលៈទេសៈប្រទេសជាតិ កំពុងមានបញ្ហាវិវាទព្រំដែន ជាមួយចោរថៃឈ្លានពានយ៉ាងណាក៏ដោយ ក៏ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍ជាយុទ្ធសាស្ត្រ ដើម្បីបង្កើតការងារ និងស្វែងរកការងារ ជូនបងប្អូនប្រជាពលរដ្ឋឱ្យមានការងារធ្វើ ពិសេសនៅក្នុងខេត្តពោធិ៍សាត់ ដែលមានរូបលោកផ្ទាល់ បានខិតខំរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋមានការងារធ្វើនៅនឹងមូលដ្ឋាន។
ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាការយកចិត្តទុកដាក់មួយ ដែលជាការបម្រើគោលនយោបាយយ៉ាងពិតប្រាកដ សម្រាប់ប្រជាជនទាំងអស់គ្នា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានជួយសម្រាលការចំណាយរបស់ពួកគាត់។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការវិលត្រឡប់ទៅបំពេញការងារវិញនេះ ក្នុងនាមអាជ្ញាធរខេត្ត លោកក៏សូមគោរពជូនពរ ជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ ឆ្ពោះទៅបណ្តារាជធានី ខេត្ត សូមសមប្រកបតែសុខសុវត្ថិភាព និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។ ជាមួយគ្នានោះ ក៏សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ មានការជឿជាក់ លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាពនៃកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺសម្តេចតែងតែគិតគូរខ្ពស់ គ្រប់វិនាទី សម្រាប់សេចក្តីសុខ សុវត្ថិភាព របស់បងប្អូនទូទាំងផ្ទៃប្រទេស។
តំណាងកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ដែលមានដើមកំណើតនៅខេត្តពោធិ៍សាត់ បានបង្ហាញទឹកមុខញញឹម និងសប្បាយរីករាយក្រៃលែង ចំពោះការផ្តល់ជូនការធ្វើដំណើរ ទាំងទៅ ទាំងមក ដោយឥតគិតថ្លៃ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់៕