ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសព័ត៌មានស្តីពីព្រះរាជសុខភាពរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត


ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជម្រាបជូនសាធារណជន មេត្តាជ្រាបជាព័ត៌មានថា យោងតាមសេចក្តីសូមយាងពី ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងជាព្រះកិត្តិយសក្នុងពិធីរំឭកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ។

ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គកំពុងគង់ប្រថាប់នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន តាមសំណូមពររបស់ថ្នាក់ដឹកនាំមិត្តចិន និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាពតាមពេលវេលាដែលពេទ្យបានកំណត់។

ពេលនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានព្រះជន្មច្រើន និងព្រះប្រឈួន ក្រុមគ្រូពេទ្យថ្វាយព្រះអង្គសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាលព្រះរាជសុខភាព។ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាថ្វាយបានល្អណាស់ មកដល់បច្ចុប្បន្ន សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតកំពុងគង់ប្រថាប់នៅមន្ទីរពេទ្យនៅឡើយ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជហឫទ័យនឹករឭកដល់បងប្អូនប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងប្រទេស។ ជាពិសេស ព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន និងយុទ្ធនារី នៅតាមព្រំដែន និងប្រជារាស្ត្រដែលកំពុងជួបទុក្ខលំបាក។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមប្រទានពរជ័យសិរីមង្គល ជូនបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕