នារសៀលថ្ងៃសុក្រ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ ស័ប្តស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះមន្ទីរអប់រំយុវជននិងកីឡាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជារបៀបរៀបរយ ក្នុងឱកាសនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលនានាក្នុងខេត្តស្វាយរៀងដែលបានបញ្ចប់ទៅដោយរលូន និងលទ្ធផលល្អប្រសើ។
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនរួមមាន៖
១.មន្ទីរធនធានទឹក នឹងឧតុនិយមខេត្តត្រូវពិនិត្យតាមដានពីបញ្ហាអាកាសធាតុនៅក្នុងរដូវវស្សានេះ ក្នុងករណីកម្ពស់ទឹកកើនឡើងនៅក្នុងតំបន់ណាមួយដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ មន្ទីរ និងអាជ្ញាធរដែនដីត្រូវពិនិត្យរាយការណ៍ ដេីម្បីមានដំណោះស្រាយជៀសវាងការខូចខាតដោយប្រការណាមួយជាយថាហេតុ។
២. មន្ទីរកសិកម្មខេត្តត្រូវពិនិត្យតាមដានការបង្ករបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ និងសង្កេតទៅលើបញ្ហាប្រឈមនានាដូចជា សត្វល្អិតបំផ្លាញ ឬក៏ជំនន់ទឹកភ្លៀងជាដើម ដើម្បីមានវិធានការដោះស្រាយឆ្លើយតប។
៣. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកបញ្ហាសន្តិសុខសណ្តាប់ក្នុងមូលដ្ឋាន ជាពិសេសបន្តបង្ក្រាបអំពើចោរកម្ម ក្មេងទំនើងដែលបង្ករផលប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៤.រដ្ឋបាលក្រុងស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យតាមដានរាល់ព័ត៌មាននានាដែលបានចុះផ្សាយអំពីបញ្ហាអ្វីមួយពាក់ព័ន្ធនិងបញ្ហាអ្វីមួយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវធ្វេីការពិនិត្យស្រាវជ្រាវ និងឆ្លើយតបឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។
៥.រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យពីបញ្ហាផ្លូវថ្នល់ដែលមានការខូច ត្រូវមានវិធានការជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
៦.អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។