(ភ្នំពេញ)៖ លោកជំទាវ ខៀវ ស៊ីណា និងលោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចម្រើនព្រះបរិត្ត និងវេរប្រគេនអគារសិក្សាថ្មី ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
ចម្រើនព្រះបរិត្ត និងវេរប្រគេនអគារសិក្សាថ្មី ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រៀបចំឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃកម្ពុជា។
អគារសិក្សាថ្មីមួយខ្នងមានទំហំ២៥ម៉ែត្រ គុណនឹង១៨,៦ម៉ែត្រកម្ពស់៤ជាន់នេះ ជាសមិទ្ធផលថ្មីមួយដែលឆ្លើយតប ទៅនឹងសំណូមពររបស់សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សំដៅបំពេញកង្វះខាតអគារពុទ្ធិកសិក្សា ខណៈដែលចំនួនសិស្ស សមណនិស្សិតកំពុងកើនឡើង បន្ទាប់ពីការសាងសង់បានបញ្ចប់ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។
លោកជំទាវ ខៀវ ស៊ីណា និងលោកជំទាវ បណ្ឌិត ជា សិរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ក៏បានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិត និងកំពុងបំពេញភារកិច្ចទាំងអស់ តាមព្រំដែនដែលបានបូជាកម្លាំងកាយចិត្ត ការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា និងរក្សាសន្តិភាពជូនប្រជាជនកម្ពុជាផងដែរ៕