ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គោរពវិញ្ញាណក្ខ័ន្ធសព ព្រឹទ្ធាចារ្យកីឡា កែវ សារិន


 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យកីឡា កែវ សារិន ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ (១៩៨២ និង១៩៨៤) អតីតអនុប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាអតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាបាល់ទាត់ ចន្លោះឆ្នាំ១៩៨៧ – ១៩៩៨ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ក្នុងជន្មាយុ៧៩ឆ្នាំ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមបានសម្តែងនូវមនោសញ្ចេតនាក្តុកក្តួល និងសោកស្តាយចំពោះមរណភាពរបស់លោកគ្រូព្រឹទ្ធាចារ្យជាមួយក្រុមគ្រួសារនៃសព និងក្រុមព្រឹទ្ធាចារ្យកីឡាដែលជាមិត្តរួមអាជីព។

មរណភាពរបស់ព្រឹទ្ធាចារ្យគឺជាការបាត់បង់នូវធនធានមនុស្ស និងមរតកប្រវត្តិសាស្រ្តរបស់វិស័យកីឡាកម្ពុជា។ ក្នុងពេលលោកនៅរស់រានមានជីវិតនៅឡើយ លោកជាអ្នកចូលរួមត្រួសត្រាយ និងលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា។

សូមជម្រាបថា តាមរយៈសកម្មភាពការងារកន្លងទៅជាមួយក្រុមព្រឹទ្ធាចារ្យកីឡា ឯកឧត្តម ហ៊ុន ម៉ានី បានបន្តយកចិត្តទុកដាក់ និងគិតគូរដល់ព្រឹទ្ធាចារ្យកីឡា ដែលជាអតីតកីឡាករ គ្រូបង្វឹក ក្រុមជម្រើសជាតិលើគ្រប់វិញ្ញាសារកីឡា ដោយតែងចាត់តាំងក្រុមការងារ និងចុះសួរសុខទក្ខ ក៏ដូចជារៀបចំកម្មវិធីជួបជុំជាប្រចាំជូនពួកគាត់ជាដើម។ ដោយឡែក នៅក្នុងកាលៈទេសៈដែលព្រឹទ្ធាចារ្យទទួលអនិច្ចកម្មដូចនេះ ឯកឧត្តមបានមានវត្តមានដោយផ្ទាល់ក្នុងពិធីបុណ្យសព ដើម្បីជាការជូនដំណើរចុងក្រោយ ប្រកបដោយកិត្តិយសជូនដល់អតីតកីឡាករដែលធ្លាប់បានសាងស្នាដៃជូនជាតិមាតុភូមិក្នុងអតីតកាលផងដែរ៕