រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យសមិទ្ធផលអប់រំ១០ឆ្នាំ នៃការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះបានពិនិត្យពិភាក្សា ដើម្បីកែលម្អ និងបំពេញបន្ថែមលើរបាយការណ៍ ស្តីពី សមិទ្ធផលអប់រំ១០ឆ្នាំនៃការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា ដែលក្នុងនោះរួមមាន៖ គោលការណ៍នៃការបង្រៀនគណិតវិទ្យានៅបឋមសិក្សា ការរៀបចំសម្ភារៈឧបទេស វិធីសាស្រ្តបង្រៀនគណិតវិទ្យាថ្នាក់ដំបូង ការផលិត និងប្រើប្រាស់សម្ភារៈឧបទេសគណិតវិទ្យាថ្នាក់ដំបូង ការបង្រៀនគណិតវិទ្យាដោយប្រើប្រាស់សម្ភារៈឧបទេសការគិតលេខរហ័ស (មុធាគណនា) ការបង្រៀនចំណោទ ចម្រៀងគណិតវិទ្យា និងការផលិតវីដេអូផ្សេងៗ។
មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំឯកសាររបាយការណ៍នៃការបង្រៀនគណិតវិទ្យាដំបូងឱ្យមានខ្លឹមសារគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ សម្រាប់ប្រើប្រាស់ធ្វើជាឯកសារមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលគ្រូឧទ្ទេស និងគ្រូបង្រៀនថ្មី ជាពិសេសការបញ្ចូលវិធីសាស្ត្របង្រៀនល្អៗទៅក្នុងកម្មវិធីសិក្សានៅសាលាគរុកោសល្យ ដើម្បីធានាឱ្យបានថាគ្រូបង្រៀនថ្មី មានសមត្ថភាពក្នុងការបង្រៀនគណិតវិទ្យាដំបូងប្រកបដោយវិជ្ជាជីវៈ ដោយកន្លងមកក្រុមការងារជំនាញក្រោមឱវាទក្រសួង និងដៃគូអភិវឌ្ឍន៍ បានសហការគ្នារៀបចំជាសៀវភៅណែនាំគ្រូ សៀវភៅលំហាត់ សៀវភៅហ្វឹកហាត់ធ្វើលំហាត់បន្ថែម និងសៀវភៅជំនួយគណិតវិទ្យា។
បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី ការបង្រៀន និងរៀនគណិតវិទ្យានៅបឋមសិក្សា រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ (១) សូមឱ្យរៀបចំជាសិក្ខាសាលាវាយតម្លៃវិធីសាស្ត្របង្រៀន និងលើកកម្ពស់ការស្រាវជ្រាវជាក់ស្តែង ជំរុញឱ្យគ្រូចាប់ផ្តើមយកចិត្តទុកដាក់រៀបចំធ្វើជាតារាង និងសម្ភារៈផ្សេងៗដើម្បីជំនួយដល់ការបង្រៀន (២) រៀបចំជាបទបង្ហាញដើម្បីចែករំលែកបទពិសោធបង្រៀនល្អៗ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវទស្សនទានការបង្រៀនគណិតវិទ្យាដំបូង និងអំណានដំបូង ដោយយកឱកាសនោះផលិតជាវីដេអូផងដែរ (៣) ផលិតវីដេអូ ស្តីពីការបង្រៀនគណិតវិទ្យាពីចម្ងាយ វីដេអូគំរូនៃការបង្រៀន វីដេអូគំរូនៃការប្រើប្រាស់សម្ភារៈឧបទេសគណិតវិទ្យាជាដើម (៤) យកវិធីសាស្ត្របង្រៀនរបស់គ្រូដែលមានបទពិសោធបង្រៀនល្អៗ ចងក្រងជាសៀវភៅ សម្រាប់គ្រូបង្រៀនថ្មីៗអាចយកទៅអនុវត្តបង្រៀនបន្តបានងាយស្រួល និងមានប្រសិទ្ធភាព (៥) មុនពេលបើកបវេសនកាល សូមក្រុមការងារចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់តាមសាលារៀនគោលដៅ ដើម្បីបានឃើញច្បាស់ពីស្ថានភាពសាលារៀន ថ្នាក់រៀន និងសម្ភារៈឧបទេស សម្រាប់ដំណើរការ ការរៀន និងបង្រៀន និងរៀបចំផែនការសកម្មភាពឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងគោលដៅនៃការលើកកម្ពស់ការរៀន និងបង្រៀនកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលគ្រូនាពេលកន្លងមក ក៏ដូចជាការសិក្សាស្រាវជ្រាវចងក្រងជាឯកសារពាក់ព័ន្ធនឹងការគ្រប់គ្រងថ្នាក់រៀន ការបណ្ដុះវិន័យតាមបែបវិជ្ជមាន និងសូមវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលបានរៀបចំឯកសារទស្សនទាននេះប្រកបដោយវឌ្ឍនភាព ដើម្បីគាំទ្រដល់ការអនុវត្កការបង្រៀនគណិតវិទ្យាដំបូងទូទាំងប្រទេស ដោយគូសបញ្ជាក់ពីភាពចាំបាច់នៃការដាក់បញ្ជូលវិធីសាស្ត្របង្រៀនថ្មីទៅក្នុងការបណ្តុះបណ្ដាលគ្រូនៅគរុកោសល្យ សំដៅជំរុញស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែល្អប្រសើរឡើង៕