ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គាំទ្របេសកកម្ម សមាគមនិស្សិត សិស្សខេត្តព្រៃវែង ដែលបានជួយយុវជនក្រីក្របានសិក្សាខ្ពង់ខ្ពស់


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានលើកសរសើរសកម្មភាពសមាគមនិស្សិត សិស្សខេត្តព្រៃវែង បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ជាពិសេសស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំពោរពេញដោយថាមពល និងប្រកបដោយឆន្ទៈមុតស្រួច ចក្ខុវិស័យវែងឆ្ងាយ និងក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម អនុញ្ញាតឱ្យលោក នីន តារារតន៍ ប្រធានសមាគមនិស្សិត សិស្សខេត្តព្រៃវែង ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

លោក នីន តារារតន៍ បានជម្រាបជូនថា ការចូលជួបសម្តែងការគួរសមនាពេលនេះគឺ ក្នុងគោលបំណងស្វែងរកការគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ដើម្បីទទួលបានមូលនិធិសម្រាប់ជួយដល់និស្សិតក្រីក្រ ខ្វះខាត លំបាកក្នុងការបន្តការសិក្សា ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើន ក្នុងការកសាងសង្គមជាតិនាពេលអនាគត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ឯកឧត្តម បានយល់អំពីប្រវត្តិ និងគោលបំណង ទស្សនវិស័យ បេសកកម្ម សកម្មភាពចម្បងៗ និងសមិទ្ធិផលការងារ ក៏ដូចជាទិសដៅការងាររបស់សមាគម និងសូមកោតសរសើរចំពោះទឹកចិត្តតស៊ូព្យាយាម ដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈវិស័យអប់រំ និងផ្ដល់ឱកាសលើកទឹកចិត្តដល់និស្សិតក្រីក្រ បានបន្តការសិក្សាទៅមុខទៀតក្នុងក្ដីសង្ឃឹម។

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានគាំទ្រដល់ទស្សនវិស័យ និងបេសកកម្មរបស់សមាគមនិស្សិត សិស្សខេត្តព្រៃវែង ដែលបានជួយសម្រួលការលំបាកដល់សិស្ស និស្សិត ដែលជួបការខ្វះខ្វាតក្នុងការសិក្សា ការស្នាក់នៅ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព រវាងអតីតសិស្ស និស្សិតជំនាន់មុន និងសិស្ស និស្សិតជំនាន់ក្រោយ នៅតាមបណ្តាគ្រឹះស្ថានសិក្សានានា។ ជាពិសេសការជួយផ្សព្វផ្សាយ និងអប់រំដល់សិស្ស និស្សិត ពីគុណតម្លៃស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅលើកកម្ពស់ឧត្តមភាពសិក្សាធិការ សេដ្ឋកិច្ច ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់សមាគមឱ្យបន្តជួយជំរុញការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់សិស្ស និស្សិតកម្ពុជា ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ស្របតាមវិស័យអាទិភាពទាំង៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងនៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕