ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំក្រុមសមាជិកជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


(កំពង់ចាម)៖ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីនៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីចុះជួបសំណេះ សំណាលជាមួយមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សរុបចំនួន ៤៩៣នាក់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងពិធីសំណេះសំណាលទាំងពីរខាងលើ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានជម្រាបជូនយ៉ាងក្បោះក្បាយអំពីមូលហេតុ និងសភាពការណ៍វិវត្តថ្មីៗនៅតាមបណ្តោយ ព្រំប្រទល់កម្ពុជា-ថៃ ជាពិសេសសកម្មភាពឈ្លានពាន យ៉ាងគឃ្លើន សាហាវព្រៃផ្សៃ អមនុស្សធម៌ និងល្បិចកលមិនចេះអៀនខ្មាសរបស់កងទ័ពថៃ មកលើបូរណភាពដែនដីរបស់កម្ពុជា។

ជាមួយនឹងការចូលរួមមរណៈទុក្ខ និងគោរពចំពោះវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនដែលបានពលីនៅក្នុងសមរភូមិដើម្បីប្រទេសជាតិ លោកប្រធានក្រុមភូមិភាគទី២ បានសម្តែងនូវគារវកិច្ចដ៏ជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏អង់អាចក្លាហាន របស់វីរយុទ្ធជន ដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះការរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស គាំទ្រទាំងកម្លាំងកាយចិត្ត និងសម្ភារ ដល់វីរយុទ្ធជន នៅសមរភូមិ និងបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់បន្តរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល និងមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងវៃឆ្លាតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាពប្រកបដោយចីរភាពជូនប្រជាជនទាំងពីរគឺ កម្ពុជា និងថៃ។

មុននឹងបញ្ចប់ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅមូលដ្ឋានមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះវោហារសាស្រ្តអុជអាលបំបែកបំបាក់សង្គមជាតិរបស់ជនក្បត់ជាតិតជំនាន់ និងសុំឱ្យបងប្អូនវិនិច្ឆ័យចំពោះពាក្យពេចន៍របស់ជននេះ ដែលបានបន្តុះបង្អាប់វីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជន នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងប្រឈមមុខនឹងអំពើឈ្លានពាន មកលើបូរណភាពដែនដីរបស់ជាតិមាតុភូមិយើង៕