ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃសភាម៉ាឡេស៊ី


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តម Datuk Wira Dr. Mohd Hatta Bin Md Ramli សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅការិយាល័យឯកឧត្តមទេសរដ្ឋមន្ត្រី រាជធានីភ្នំពេញ ក្នុងឱកាសប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ក្នុងជំនួបខាងលើ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូខាងលើ មកកាន់កម្ពុជានាពេលនេះ និងបានគូសបញ្ជាក់អំពីការរីកចម្រើន លើគ្រប់វិស័យនៅកម្ពុជា និងវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យកម្ពុជាទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការរំលោភបំពានមកលើកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដាក៏ដោយ។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់នូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការការពារសន្តិភាព និងអធិបតេយ្យភាពជាតិ។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនត្រូវការសង្គ្រាម និងជម្លោះព្រំដែនជាមួយប្រទេសជិតខាងនោះទេ គឺត្រូវការសន្តិភាព។

ឯកឧត្តមបានបន្ថែមថា កម្ពុជាឆ្អែតឆ្អន់នឹងសង្រ្គាម មិនចង់ឲ្យកើតមានឡើងធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល កងទ័ព និងសេដ្ឋកិច្ចនោះឡើយ ខណៈបច្ចុប្បន្ននេះ កម្ពុជាបានរក្សាការអត់ធ្មត់ខ្ពស់ ចំពោះទង្វើរបស់ភាគីថៃបានបង្កនូវភាពតានតឹង ព្រោះដើម្បីអនុវត្តកិច្ចព្រមព្រៀងកន្លងមកថ្មីៗនេះឲ្យបានពេញលេញ និងស្មោះត្រង់។

ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដោយស្មោះអស់ពីចិត្ត និងយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួល និងរៀបចំឲ្យមានកិច្ចប្រជុំអំពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ដើម្បីស្វែងរកសន្តិភាពសម្រាប់ភាគីទាំងពីរ។

ជាការឆ្លើយតប សមាជិកព្រឹទ្ធសភា Datuk Wira Dr. Mohd Hatta Bin Md Ramli បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានថ្លែងកោតសរសើរចំពោះជំហរដ៏រឹងមាំ របស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្វែងរកសន្តិភាព ហើយបានទទួលស្គាល់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាជំហានដំបូងដ៏សំខាន់មួយ ប៉ុន្តែតម្រូវឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តគោរពតាមលក្ខខណ្ឌដែលបានព្រមព្រៀង ដើម្បីធានាបាននូវសន្តិភាពប្រកបដោយនិរន្តរភាព។

សូមជម្រាបថា ប្រតិភូខាងលើអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែតុលា ឆ្នាំ២០២៥ ហើយគ្រោងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕