ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អត្រាពន្ធបដិការ ១៩% កម្ពុជានៅតែក្សាបានភាពប្រកួតប្រជែង ក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅទីផ្សារអាមេរិក


(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក» ដែលប្រព្រឹត្តទៅនៅសាលាជាតិគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

វេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក» ត្រូវបានរៀបចំឡើង ដើម្បីជាឱកាសនៃការជួបជុំរវាងអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរឥតឈប់ឈរ នៃបរិយាកាសពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសាវតានៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, តួលេខនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, និងសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងជាបន្តបន្ទាប់ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ដោយជាលទ្ធផលរដ្ឋបាលសហរដ្ឋអាម៉េរិក បានបញ្ចុះអត្រាពន្ធបដិការមកលើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជា រក្សាបាននូវភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃវេទិកានេះ ដែលត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការសហការគ្នារវាងភាគីពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន យើងនឹងធានាបានថា កម្ពុជានៅតែរក្សាបាននូវអនុលោមភាព ភាពប្រកួតប្រជែង និងភាពទាក់ទាញសម្រាប់ វិនិយោគ និងពាណិជ្ជកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការចូលរួមមតិ ដោយផុលផុសនៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ ក៏ដូចជាបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា វេទិកានេះនឹងបញ្ចប់ទៅជាមួយនឹងគំនិតល្អៗក្នុងការថែរក្សាទីផ្សារ ការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត៕