ឯកឧត្តមហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរបុណ្យជាតិសាធារណរដ្ឋកូរ៉េ និងខួបលើកទី៧៧ ទិវាបុណ្យកងទ័ព


ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីអបអរសាទរបុណ្យជាតិសាធារណរដ្ឋកូរ៉េ និងខួបលើកទី៧៧ ទិវាបុណ្យកងទ័ព ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

កម្មវិធីដ៏ឱឡារិកនេះដែលបានរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ, ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-កូរ៉េ, ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា, ឯកឧត្តម លោកជំទាវ ជាសមាជិករាជរដ្ឋាភិបាល និងជាប្រធានស្ថាប័នរដ្ឋ និងឯកជន, លោក Kim Hyunsoo ភារធារីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, ឯកឧត្តម លោកជំទាវអង្គទូតប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីផ្នែករដ្ឋ និងឯកជនប្រមាណជាង ២០០រូប។

លោក Kim Hyunsoo ភារធារីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកូរ៉េ ក្នុងការបន្តថែរក្សាព្រូនជុំចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តកាលពីឆ្នាំ២០២៤ កន្លងមក ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នាទៅវិញទៅមក និងបង្កើតនូវវិបុលភាព និងសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ លោកភារធារី ក៏បានជម្រាបជូនអង្គពិធីពីលទ្ធផលគួរជាទីមោទនៈនៃការអនុវត្តការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដោយមានប្រជាជននៃប្រទេសទាំងពីរច្រើនជាង ២៤០.០០០នាក់ បានធ្វើដំណើរទៅមកកាលពីឆ្នាំ២០២៤។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាជានិច្ចក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនរហូតមក ជាពិសេសលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការជំរុញលំហូរទេសចរ និងអ្នកធ្វើដំណើរនៃប្រទេសទាំងពីរ និងអន្តរជាតិ ការតភ្ជាប់ជើងហោះហើរត្រង់ ការវិនិយោគលើវិស័យទេសចរណ៍ពីសំណាក់វិនិយោគិនកូរ៉េនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញភ្ញៀវទេសចរកូរ៉េ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីទទួលបាននូវបទពិសោធពីសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ការអភិវឌ្ឍគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា។