នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-រុស្ស៊ី និងប្តេជ្ញាចិត្តធ្វើការរួមគ្នាឱ្យបានជិតស្និទ្ធក្នុងការជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ពីរុស្ស៊ីមកកាន់កម្ពុជាបន្ថែមទៀត។
ជាចុងបញ្ចប់ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ លើគម្រោងរៀបចំសកម្មភាពរួមគ្នា ក្នុងការត្រៀមអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ី នៅឆ្នាំ២០២៦ ខាងមុខនេះ។



