ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍សម្រាប់ឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចនៃក្រសួងទេសចរណ៍ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានី-ខេត្ត។
សិក្ខាសាលានេះគឺផ្តោតលើមូលដ្ឋានគ្រឹះ តួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ សិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ចទេសចរណ៍ ជាពិសេសការអនុវត្តតួនាទី ក្រោយទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងវិធានសំខាន់ៗក្នុងការបំពេញការងារអធិការកិច្ចជំនាញ (អធិការកិច្ចទេសចរណ៍) ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកវាគ្មិនកិត្តិយសដែលអញ្ជើញមកពីក្រសួងយុត្តិធម៌ ក្រសួងអធិការកិច្ច និងក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រី សិក្ខាកាមសរុបចំនួន ២០៤នាក់។
រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា មន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមគន្លឹះ ការបែងចែកជាក់លាក់រវាងមុខងារសវនកម្ម មុខងារអធិការកិច្ចរបស់ក្រសួងអធិការកិច្ច អធិការកិច្ចជំនាញ និងយន្តការតាមដានត្រួតពិនិត្យដទៃទៀត ដែលបាននិងកំពុងអនុវត្តដោយអនុលោមទៅច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងប្រព័ន្ធសវនកម្ម និងអធិការកិច្ច សំដៅលើកកម្ពស់គុណភាពយន្តការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ នៅក្នុងវិស័យទេសចរណ៍ ឱ្យមានប្រសិទ្ធភាពនិងភាពទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបន្តថា ការងារអធិការកិច្ច គឺជាការងារមួយដ៏មានសារៈសំខាន់ នៃការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ និងតែងតែទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចតេជោ បានដាក់ចេញនូវអភិក្រមទាំង៥ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាក់ បានគូសរំលេចថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព មកដល់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានស្នូលនៃយុទ្ធសាស្ត្រផ្តោតលើ ការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយអនុលោមតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «គ្មានការជឿទុកចិត្តណាមួយ ដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ» ហេតុដូច្នេះ នៅក្នុងបរិបទថ្មីនៃការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជារដ្ឋាភិបាល ការពង្រឹងការងារអធិការកិច្ចគឺជាការប្ដេជ្ញាចិត្តមួយដ៏មុតមាំ ដោយយើងត្រូវធ្វើការឱ្យមានភាពប្រទាក់ក្រឡាគ្នា និងស្រុះដៃគ្នាក្នុងការពង្រឹងភាពស្អាតស្អំនៅក្នុងវិស័យសាធារណៈ ស្របតាមទស្សនៈ « អធិការកិច្ច ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»៕