លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុម ការងារ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួមខេត្ត ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងលើកកម្ពស់វិស័យទេសចរណ៍ ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញ លើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុកមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់ តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ។
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរ ខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាត អនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់ រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេស មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ធ្វើការកែលម្អ ហេដ្ឋារចនាសម័ន្ធ និងសោភ័ណភាពខេត្តរបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។
សូមបញ្ជាក់ថា ខេត្តប៉ៃលិន ជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ និងមានរម្មណីយ៍ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តជារៀងរាល់ថ្ងៃ ព្រមទាំងផ្នែកសេវាកម្មទេសចរណ៍ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន៕