លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើប និងម៉ាត នៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកបន្ថែមទៀត។
ក្នុងជំនួបនេះ លោកជំទាវ បានអនុញ្ញាតជូនតំណាងផ្សារទំនើប និងម៉ាត នៅកម្ពុជា លើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីក្រសួងអាចពិនិត្យដាក់ចេញនូវដំណោះស្រាយ ដែលឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការរបស់ផ្សារទំនើប និងម៉ាត ពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម និងការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។
បន្ថែមពីនេះ លោកជំទាវបានជម្រាបជូនអំពីគំនិតផ្តួចផ្តើមសំខាន់ៗដែលក្រសួងបាននិងកំពុងអនុវត្ត និងគ្រោងនឹងដាក់ចេញ ដើម្បីអាចសម្រួលបន្ថែមទៀតដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់រវាងផ្សារនិងក្រុមអ្នកផលិត សំដៅជំរុញការស្រូបទិញនិងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែផុសផុល ដោយផ្តោតសំខាន់លើនិរន្តរភាពនៃការផ្គត់ផ្គង់ និងការធានាគុណភាពតាមរយៈម៉ាកនិងពាណិជ្ជនាម៕