សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គ្រោងអញ្ជើញរត់ ១០គីឡូម៉ែត្រ ក្នុងខួប ៣០ឆ្នាំ នៃទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ខណៈនឹងមានកម្មវិធីប្លែកៗជាច្រើននាចុងឆ្នាំនេះ


ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត នឹងត្រឡប់មកវិញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ដែលត្រូវនឹងខួប ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះឡើងលើដែនដីអច្ឆរិយដ៏រុងរឿង ខណៈបើគ្មានការប្រែប្រួលទេនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ជាថ្មី ដោយសម្ដេចគ្រោងនឹងរត់ចម្ងាយ ១០គីឡូម៉ែត្រទៀតផង។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព៍ត៌មាន ស្ដីពីការអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ២០២៥ និងពិធីប្រគល់ថវិការឧបត្ថម្ភដល់អង្គការមនុស្សធម៌ ព្រមទាំងមន្ទីរពេទ្យកុមារ សម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានរំឮកថា ក្រោយកកើត តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្ន ព្រឹត្តិការណ៍នេះ បានពង្រីកខ្លួនកាន់តែធំ ពីមានអ្នកចូលរួមរត់ ៣០០ ទៅ ៤០០នាក់ រហូតកើនដល់ជាង ១ម៉ឺននាក់ ។ នេះគឺជាមោទនភាពក្នុងការខិតខំប្រឹងប្រែង និងព្យាយាមពីគ្រប់ភាគីពាក់ព័ន្ធ ក្រោមការជួយជ្រោមជ្រែងរបស់អង្គការបេះដូងមាស ដែលជាស្ថាបនិក និងបង្កើតនូវគំនិតផ្ដួចផ្ដើមរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត។

លោកថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលខ្លាំង ជាក់ស្ដែងឆ្នាំមុន យើងឃើញថា ការចូលរួមរបស់រាជរដ្ឋាភិបាល ពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី បានចូលរួម និងរត់ដោយផ្ទាល់ចម្ងាយ ៥គីឡូម៉ែត្រ ហើយឆ្នាំនេះ សម្ដេចបានប្រាប់ថា សម្ដេចនឹងត្រៀមរត់ ១០គីឡូម៉ែត្រទៀត។ នេះគឺជាការងារដ៏សំខាន់ ដែលបានជំរុញឲ្យមានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ ក៏ដូចជាមន្ដ្រីរាជការតាមក្រសួង-ស្ថាប័នជាច្រើន»

«សន្ទុះនៃការចូលរួមឆ្នាំនេះ មកដល់ថ្ងៃនេះ យើងទទួលបានជិត ១ម៉ឺននាក់ហើយ។ ទម្រាំដល់ថ្ងៃបិទចុះឈ្មោះ យើងអាចទទួលការចូលរួមច្រើនជាងឆ្នាំមុន អាចនិយាយថា យើងមានការភ័យអរ ហេតុអ្វីបានភ័យអរ? ព្រោះកាលណាមានការចូលរួមច្រើនលើសលុបពេក គណៈកម្មការរៀបចំអាចភ័សអរ ហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំឲ្យមានយន្ដការច្បាស់លាស់ នៅក្នុងដំណើរការគ្រប់គ្រង និងដឹកនាំ ដែលនឹងក្លាយទៅជា Mega Sport ប្រចាំឆ្នាំ ។ នេះគឺជាការចាប់អារម្មណ៍របស់យើង ហើយកាន់តែល្បីល្បាញក្នុងការរៀបចំរបស់យើង»។ លោក វ៉ាត់ ចំរើន បន្ថែម។

ទន្ទឹមជាមួយគ្នា ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃព្រឹត្តិការណ៍ខាងលើ គណៈកម្មការរៀបចំ ក៏ត្រៀមនឹងរៀបចំនូវកម្មវិធីប្លែកៗជាច្រើន ដើម្បីបង្កភាពភ្ញាក់ផ្អើលដល់អ្នករត់នៅថ្ងៃកម្មវិធីផងដែរ ។ ប៉ុន្ដែថាតើនឹងមានកម្មវិធីប្លែកអ្វីខ្លះ គណៈកម្មការរៀបចំសូមធ្វើការលាក់សិន តែជឿជាក់ថា ភាពប្លែកនៃការងាររៀបចំឆ្នាំនេះ នឹងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ចូលរួម។

ក្រឡេកទៅចាប់អារម្មណ៍ចំនួនអត្តពលិកបរទេស លោកថា ទល់ពេលនេះ មានអត្តពលិកបរទេសជាង ២ពាន់នាក់បានចុះឈ្មោះ ដែលភាគច្រើនមកពីអឺរ៉ុប ហើយជនបរទេសចុះឈ្មោះច្រើនជាងគេ គឺមានអង់គ្លេស ឈរលេខ១ បារាំង ឈរលេខ២ និងអាមេរិក ឈរលេខ៣ ។ វត្តមានរបស់អត្តពលិករបស់បណ្ដាប្រទេសធំនេះ បានបង្ហាញពីភាពវិជ្ជមាន ក្នុងការជឿទុកចិត្តលើស្ថានភាព ក៏ដូចជាកត្ដាសុខសន្ដិភាពនៅកម្ពុជា ទោះបីមានផលរំខានខ្លះ នៃព្រឹត្តិការណ៍តាមព្រំដែន តែជនបរទេសជាច្រើន នៅតែបន្ដចុះឈ្មោះ និងត្រៀមចូលរួមដោយភាពកក់ក្ដៅផងដែរ។

សម្រាប់ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះ នឹងរៀបចំឡើងក្រោមពាក្យស្លោក “រត់ដើម្បីភាពយូរអង្វែង” ដែលបង្កប់នូវអត្ថន័យ ៤ សំខាន់ៗ៖

ទី១-គឺជាការអបអរខួប ៣០ឆ្នាំ នៃភាពយូរអង្វែងរបស់ព្រឹត្តិការណ៍

ទី២- ៣០ឆ្នាំកន្លងមក ព្រឹត្តិការណ៍នេះ បានជួយឲ្យអ្នកចូលរួមរត់គ្រប់វ័យ គ្រប់ជាតិសាសន៍ មានសុខភាពល្អ និងមានទម្លាប់រស់នៅបែបសកម្ម តាមរយៈការចូលរួមរត់ជារៀងរាល់ឆ្នាំ ដែលនេះជាមូលដ្ឋានក្នុងការរស់នៅបានយូរអង្វែង(មានអាយុវែង)

ទី៣- មោទនភាពចំពោះភាពយូរអង្វែងនៃបេតិកភណ្ឌអង្គរ ដែលមានអាយុកាលជាង ៩០០ឆ្នាំ ហើយនៅតែឈរយ៉ាងរឹងមាំ ផ្តល់ជាផ្ទាំងទសន្សនីយភាពដ៏ស្រស់ត្រកាលតែមួយគត់នៅលើពិភពលោក សម្រាប់អ្នករត់ប្រណាំងគ្រប់ទិសទីមកកាន់ឧទ្យានអង្គរនៃយើង

ទី៤-គឺការដឹងគុណដល់ភាពយូរអង្វែងនៃសន្តិភាព ដូចពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” មានសន្តិភាពទើបយើងអាចមានការជួបជុំដ៏សប្បាយរីករាយក្នុងថ្ងៃព្រឹត្តិការណ៍។

សូមបញ្ជាក់ថា ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ខាងលើ នឹងផុតកំណត់នៅថ្ងៃទី២៤ ខែតុលាខាងមុខ ។ ចំពោះវិញ្ញាសារត់ មានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ។ ចំពោះគោលបំណងនៃការរៀបចំឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ដោយគណៈកម្មការនៅតែរក្សាគោលបំណងផ្សារភ្ជាប់សកម្មភាពសប្បុរសជម៌ ពិសេសការជួយជនរងគ្រោះដោសាមីន ជាក់ស្ដែងក្នុងសន្និសីទខាងលើ NOCC ក៏បានរៀបចំពិធីប្រគល់ថវិកាសប្បរសធម៌ ទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ សរុបចំនួន ១៤ម៉ឺនដុល្លារ ដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារផងដែរ៕