សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៥០គ្រួសារ នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ បានចាត់ឱ្យលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ១៥០គ្រួសារ រស់នៅក្នុងភូមិចំនួន២ នៃឃុំបរខាំ ស្រុកអូរយ៉ាដាវ។

ពិធីខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងសាលាភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានកិត្តិយសសាខា អនុប្រធានគណៈកម្មាធិការ សមាជិកសមាជិកា គណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក និងអាជ្ញាធមូលរដ្ឋាន អញ្ជើញចូលរួមអមដំណើរលោកប្រធានផងដែរ។

នាឱកាសនោះលោក ញ៉ែម សំអឿន បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជនទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចដែលរស់នៅទីនេះ។

ទន្ទឹមនឹងការគិតគូរពីជីវភាព, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអនាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។

ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ត្រូវចេះការពារខ្លួនពីជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដែលបង្កឡើងដោយសត្វមូស ហេតុដូចនេះ សូមកុំឱ្យមានទឹកដក់ក្នុងសំបកកង់ឡានកង់ម៉ូតូ សំបកដូង សំបកកំប៉ុងជាដើម ដែលជាជម្រកសត្វមូស ជាពិសេសត្រូវនាំគ្នាគេងក្នុងមុងជាប្រចាំ ព្រោះមុងមានក្នុងកញ្ចប់ឃីតនៃអំណោយមនុស្សធម៌ដែលចែកជូនស្រាប់។
បន្ថែមពីនេះក៏សូមប្រុងប្រយ័ត្នចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ ដែលនាំឱ្យមានវិប្បដិសារីក្នុងគ្រួសារ។ ដោយឡែកចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យ ផ្ទៃពោះឱ្យបានទៀងទាត់តាម ការណាត់របស់ក្រុមគ្រូពេទ្យគឺយ៉ាងតិចណាស់ឱ្យបាន៤ដង មុនពេលសម្រាល ហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីសុខភាពល្អ និងសុវត្ថិភាពទាំងម្តាយ និងកូនក្នុងផ្ទៃ ជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូន ជាពិសេសគឺជំងឺអេដស៍។

លោក ញ៉ែម សំអឿន បានលើឡើងពីការយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសូមជូនពរបងប្អូនប្រជាពលរដ្ឋ មានសុខភាពល្អគ្រប់ៗ គ្នាដើម្បីបន្តប្រកបមុខរបរ ស្តារជីវភាពគ្រួសារឡើងវិញ ពិសេសសូមពុកម៉ែ បងប្អូនទាំងអស់ ជួយណែនាំកូនចៅកុំឱ្យសេពគ្រឿងញែន កុំលែងល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា សម្រាប់ខេត្តរតនគិរី កន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ធ្លាប់បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន៩០០គ្រួសារ រួចមកហើយកាលពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ។

អំណោយមនុស្សធម៌ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ហើយលោកប្រធានក៏បានជូនថវិកាផ្ទាល់ខ្លួន ជូនលោកយាយ លោកតាចាស់ជរា ជនពិការ និងអ្នកជំងឺមួយចំនួនផងដែរ៕