នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃ នៅក្នុងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន, ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់, លោកជំទាវ កុយ ពិសី, ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំជាច្រើនរូប។
តាមរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្រាប់ខេត្តកំពង់ធំ ពលករដែលបានត្រឡប់មកពីប្រទេសថៃមានចំនួន១៣,៦៥០នាក់ ក្នុងនោះពលករចំនួន៧,២៨៦នាក់ បានទទួលការងារថ្មីនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរនឹករឭក និងខ្វល់ខ្វាយជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ពូ មីង ក្មួយៗ ទាំងអស់ ដែលជាបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ នៅគ្រប់ទីកន្លែងនិយាយជារួម និងនិយាយដោយឡែក នៅក្នុងខេត្តកំពង់ធំ នាពេលនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលករខ្មែរក្នុងពេលដ៏លំបាកនេះ និងបានកោតសរសើរខ្ពស់ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខិតខំសម្របសម្រួល និងរិះរកគ្រប់មធ្យោបាយប្រមូលផ្តុំនូវឱកាសការងារ ដើម្បីឲ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានការងារធ្វើ បន្តរកចំណូលចិញ្ចឹមជីវិតនៅតាមស្រុកកំណើតរបស់ខ្លួន ឬនៅតាមបណ្តារាជធានី-ខេត្តផ្សេងទៀត។
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងផលលំបាកទាំងឡាយ ដែលពលករខ្មែររបស់យើងជួបប្រទះ។
ក្នុងឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានគូសរំលេចអំពីវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលករដែលវិលត្រឡប់ពីប្រទេសថៃ រួមមានការសម្របសម្រួលនិងដឹកជញ្ជូនបងប្អូនត្រឡប់មកស្រុកកំណើតវិញ, ការបើកយុទ្ធនាការចុះឈ្មោះស្វែងរកការងារធ្វើ ឬចុះឈ្មោះរៀនជំនាញ, ការដាក់ឲ្យដំណើរការប្រព័ន្ធ Hotline ១២៩៧ ៧ថ្ងៃ/សប្តាហ៍ ដើម្បីផ្គូផ្គងព័ត៌មានទៅរោងចក្រ និងក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្ម និងការដាក់ឱ្យដំណើរការប្រព័ន្ធចុះឈ្មោះស្វែងរកការងារធ្វើតាមប្រព័ន្ធតេលេក្រាម, ការអនុគ្រោះដល់ជនភៀសសឹក និងពលករ ដោយលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន, ការកំណត់យកសាខាបេឡាជាតិសន្តិសុខសង្គម និងវិទ្យាស្ថានបណ្ដុះបណ្ដាល នៅតាមរាជធានី ខេត្ត ជាទីតាំងដែលប្រជាពលករអាចទៅចុះឈ្មោះស្វែងរកការងារ និងសម្ភាសដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូមជាមួយរោងចក្រ និងក្រុមហ៊ុននានា។
ជាងនេះទៅទៀត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអាជ្ញាធរខេត្ត ក៏បានផ្តល់ការគាំទ្រជាស្មារតី និងសម្ភារៈជាហូរហែជូនប្រជាពលករ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើសុំប្រជាពលករ សូមបន្តរក្សាភាពអត់ធ្មត់ និងថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសខិតខំស្វែងរកឱកាសការងារធ្វើ ឬបន្តទទួលយកការបណ្តុះបណ្តាលជំនាញផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារផង និងសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងផងដែរ ព្រមទាំងបានបន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករនៅទីនេះ ចូលរួមជំរុញ បង្កើត គាំទ្រ និងលើកកម្ពស់ការគាំទ្រផលិតផលក្នុងស្រុក ដោយម្ខាងផលិត និងម្ខាងទៀតប្រើប្រាស់ តាមទិសស្លោក «ខ្មែរប្រើប្រាស់ផលិតផលខ្មែរ» និង «ខ្មែរត្រូវផលិតដោយប្រើប្រាស់របស់ខ្មែរ» ហើយ «រដ្ឋជួយគាំទ្រអ្នកផលិតផលិតផលខ្មែរ»។
ឯកឧត្តមក៏បានផ្តល់ការណែនាំបន្ថែមដោយសូមឲ្យមានការគិតគូរឡើងវិញពាក់ព័ន្ធនឹងថ្លៃជួលដីស្រែ ដោយត្រូវគិតគូរដល់ការចែករំលែកផលចំណេញផង និងបន្ទុករបស់កសិករផងដែរ ក្នុងពេលលំបាកនេះ។
ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងបរិការណ៍ដ៏ផុយស្រួយ នៃបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ, រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងប្រឹងប្រែងអស់ពីលទ្ធភាព ព្យាយាមដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងសន្តិភាព ដោយប្រើគោលការណ៍ច្បាប់អន្តរជាតិព្រមទាំងទប់កម្តៅមិនតបតនឹងការអុចអាល និងកលល្បិចរបស់ថៃ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា «សង្គ្រាមមិនអាចបញ្ចប់សង្រ្គាមបាននោះទេ ហើយកម្ពុជាយើងស្ងប់ស្ងៀម មិនមែនមានន័យថា កម្ពុជាយើងមិនបានធ្វើអ្វីនោះទេ»។ ដូចនេះ សូមជឿទុកចិត្តលើសមត្ថភាពដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺសម្ដេចធិបតី ហ៊ុន ម៉ាណែតដោយមានការជ្រោមជ្រែងពេញទំហឹងពី សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសន្តិភាពជូនបងប្អូន។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមបន្តនូវស្មារតីសាមគ្គីភាពឯករាជ្យភាព និងឯកភាពជាតិខ្មែររួមគ្នាជាធ្លុងមួយ ទាំងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជន ហើយត្រូវចេះចែករំលែក និងហ៊ានលះបង់ ដោយអ្នកមានលទ្ធភាពត្រូវចេះឈឺឆ្អាលជួយអ្នកលំបាកអ្នកខ្វះខាត ឲ្យមានបាយហូប ទទួលបានការព្យាបាល ហើយកូនៗគាត់ទទួលបានការអប់រំ ឲ្យមានការងារធ្វើ ឲ្យមានមុខរបរ ឲ្យមានប្រាក់ចំណូល និងកាត់បន្ថយអំពើមិនល្អ ព្រមទាំងពង្រឹងយុត្តិធម៌សង្គម ដើម្បីថែរក្សាសាមគ្គីភាព និងឯកភាពជាតិ ដែលជាកត្តាស្លាប់រស់របស់ជាតិយើងទៅថ្ងៃមុខ។
ក្នុងស្មារតីចែករំលែកអំឡុងពេលដ៏លំបាកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បាននាំយកនូវអំណោយថវិកាចែកជូនបងប្អូនតំណាងគ្រួសារប្រជាពលករ ដោយក្នុង១នាក់ទទួលបានថវិកាចំនួន៥ម៉ឺនរៀល។ ទន្ទឹមនេះ រដ្ឋមន្ត្រី ហួត ហាក់ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនបន្ថែម ដោយក្នុង១គ្រួសារទទួលបានមីខ្លាឃ្មុំ ១កេស និងទឹកស៊ីអីវ១យួរផងដែរ៕