ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អញ្ជើញទៅពិនិត្យស្ថានភាព សក្ដានុពល និងការអភិវឌ្ឍនៅសហគមន៍តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។
សហគមន៍គំរូតាសីសាមគ្គី មានផ្ទៃដីដាំដុះសរុប ៥០ហិកតា ដែលមានសមាជិកសរុបចំនួន ១៦១គ្រួសារ ។ សហគមន៍ កំពុងអនុវត្តមុខរបរចំបងៗចំនួន ៣ រួមមាន៖ (១) ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដូចជា ស្ពៃ ខាត់ណា សាឡាដ ជី (២) សាងសង់និងតម្លើងផ្ទះសំណាញ់ និង(៣) សេវាកម្មប្រើប្រាស់រួមគ្នារៀបចំប្រព័ន្ធទឹក។ សហគមន៍មានឃ្លាំងចំនួន១ អាគារទីស្នាក់ការចំនួន១ ផ្ទះសំណាញ់សចំនួន ២៦០ខ្នង និងផ្ទះសំណាញ់ស្បៃខ្មៅចំនួន ៩១ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស្រោចស្រប់ផងដែរ។ លើសពីនេះទៅទៀត សហគមន៍ក៏មានចិញ្ចឹមសត្វ ដែលមានដូចជា ក្ងាន មាន់ ទា ជ្រូក ត្រី កណ្ដូប ព្រមទាំងមានការបណ្ដុះផ្សិតក្នុងរោងផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពស្ថានភាពនៅក្នុងសហគមន៍ចំនួន ២ខ្សែ រួមមាន៖ ខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៣,២៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងខ្សែទី២ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ២, ៤៩គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ។ ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាចប់ជាស្ថាពរ ក្នុងឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ។
ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ចើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ដោយបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាសហគមន៍តាសីសាមគ្គី ដែលបានខិតខំបង្កបង្កើនផល ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ពិសេសកំណើនប្រាក់ចំណូលកានតែខ្ពស់ ដែលជាការចូលរួមក្នុងការកសាងកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទឱ្យមានការរីកចម្រើន តាមរយៈការលើកកម្រិតគុណភាពផ្លូវឱ្យមានភាពធន់នឹងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅធ្វើឱ្យតំបន់ជនបទមានភាពស៊ីវិល័យ៕