សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី គាត កុលណី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក ឆាន់ សាផាន


សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី គាត កុលណី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៨៖៣៦នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសារលិខិតរំលែកមរណទុក្ខ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥។

ក្នុងសារលិខិតរំលែកមរណទុក្ខ បានសរសេរថា «ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល ត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៨៖៣៦នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមរំលែកទុក្ខប្រកបដោយ អនិច្ចលក្ខណធម៌ដ៏សង្វេគ សោកស្តាយ ស្រណោះ អាឡោះ អាល័យស្ទើរ រកទីបំផុតគ្មាន ព្រោះថាមរណភាព ឯកឧត្តម ឆាន់ សាផាន គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលមានព្រហ្មវិហារធម៌ មិនចេះរីងស្ងួតចំពោះកូនៗ ចៅៗជាទីស្រលាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ល្អឆ្នើមមួយរូប បានលះបង់អស់ពីកម្លាំងកាយប្រាជ្ញាស្មារតីដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានតាមបែប ប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានខ្ជាប់ខ្ជួនជាអតិបរមា។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឆាន់ សាផាន សូម ឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕