មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ឆ្លើយតបជាមួយមេបញ្ជាការភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣តំបន់ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ


លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានឆ្លើយតបជាមួយមេបញ្ជាការភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣តំបន់ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។ នេះបេីតាមលិខិតរបស់មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។

ក្នុងលិខិតបានសរសេរថា «ខ្ញុំមានកិត្តិយសសូមជម្រាបជូនលោកមេបញ្ជាការជ្រាបថាយោងតាម ស្មារតីនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា យោធភូមិភាគទី៥ បានស្នើអញ្ជើញកងទ័ពភូមិភាគទី១ ដើម្បី ប្រជុំវិសាមញ្ញលើកទី២ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ នៅថ្ងៃទី១០-១២ខែតុលា ឆ្នាំ២០២៥ នៅក្រុង
ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានទទួលលិខិតឆ្លើយតបពីកងទ័ពភូមិភាគទី១ដោយ ខ្លឹមសារបញ្ជាក់ថា លុះត្រាតែយោធភូមិភាគទី៥ រៀបចំផែនការជម្លៀសប្រជាជនកម្ពុជា ដែលស្ថិតនៅក្នុងតំបន់ឈមបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាផាក់យ៉ា ស្រុកតាជាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ដោយផ្ញើផែនការជម្លៀសប្រជាជននេះ មកកងទ័ពភូមិភាគទី១នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥សិន ទើបភាគីកងទ័ពភូមិភាគទី១ យល់ព្រមចូលរួមការប្រជុំតាមសំណើខាងលើ។

ករណីនេះ យោធភូមិភាគទី៥ សូមបញ្ជាក់ជំហរថា៖

១៖ ការស្នើប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងយោធភូមិភាគទី៥និងកងទ័ពភូមិភាគទី១ គឺជាការអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅGBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី ២២ ខែសីហាឆ្នាំ២០២៥។

២៖ ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលភាគីកងទ័ពភូមិភាគទី១ បានដាក់ស្នើមក គឺត្រូវអនុវត្តន៍ទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ពិសេសក្នុងចំណុចទី៨ នៃកំណត់ហេតុកិច្ចប្រជុំដែលបានប្រគល់ភារកិច្ចឱ្យ JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយ។ ដោយឡែក កិច្ចប្រជុំ RBC ក្នុងកម្រិតយោធភូមិភាគ គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និង ដោះស្រាយបញ្ហាដោយ
សន្តិវិធី ប៉ុន្ដែមិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ។

៣៖ ខ្ញុំសូមបញ្ជាក់ផងដែរថា ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថានៅកន្លែងខ្លះ ក៏មានការកាន់កាប់ និង អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និង ការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំងពីបានឯកភាពគ្នាកន្លងមក។ កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំJBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃធ្វើសកម្មភាព ហួសបង្គោលព្រំដែនមួយចំនួនផង)។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ចប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ។

៤៖ យោធភូមិភាគទី៥ ស្នើសុំឱ្យគោរពយ៉ាងខ្ជាប់ខ្ជួននូវអ្វីដែលភាគីទាំងពីរ កម្ពុជា-ថៃ បានព្រមព្រៀងគ្នា កន្លងមកក្នុងកិច្ចប្រជុំ GBC។ កម្ពុជាសូមសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើតបរិយាកាស អំណោយផលដល់ដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេសតាមរយៈការបញ្ចៀសរាល់សកម្មភាពទាំងឡាយ ដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យើងទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្តរបស់គណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែនគោក (JBC) នៃប្រទេស យើងទាំងពីរ៕