តាមរយៈបណ្ដាញព័ត៌មាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះ អាជ្ញាធរមីន បានបញ្ជាក់ថា ការបោសសំអាតមីនរបស់កម្ពុជា ជាផែនការយូរឆ្នាំមកហើយ មិនជាប់ពាក់ព័ន្ធសោះឡើយនឹងសំណូមពររបស់ថៃ និងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃ ទេ។
អាជ្ញាធរមីន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះ គម្រោងបោសសម្អាតមីន ដែលអាជ្ញាធរមីន តាងនាមឱ្យរាជរដ្ឋាភិបាល ប្រគល់ជូនកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ក្នុងទំហំផ្ទៃដីមានមីនចំនួនជាង ៤១ គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ និង/ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ។
គម្រោងបោសសម្អាតមីននេះ រាជរដ្ឋាភិបាល មានផែនការបោសសម្អាតជាយូរឆ្នាំមកហើយ ហេីយមិនពាក់ព័ន្ធសោះឡេីយនឹងសំណូមពររបស់ភាគីថៃ និងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃ ទេ។
គម្រោងបោសសម្អាតមីននេះ គាំទ្រដល់គោលបំណងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់ដីសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ការកសាងឡើងវិញនូវសហគមន៍និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា និងដេីម្បីអនាគតមួយកាន់តែប្រសេីរឡេីងរបស់ប្រជាជនកម្ពុជាយើង។
អាជ្ញាធរមីន ពិតជាមានសេចក្ដីរីករាយ និងសូមគោរពនូវឧត្តមគតិស្នេហាជាតិរបស់បងប្អូនប្រជាជនកម្ពុជាយេីង»៕