ឯកឧត្តមបណ្ឌិត ងិន បាណាល់៖ ច្បាប់ជាចំណេះដឹងមូលដ្ឋានមិនអាចខ្វះបាន សម្រាប់ការកសាងសង្គមជាតិរឹងមាំ


នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលច្បាប់ដ៏មានសារៈសំខាន់មួយដល់យុវជននៅស្រុកបាភ្នំ។
ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានចូលរួមពិធីនេះក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។ ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី តែងតែផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មបង្កើតវគ្គបណ្ដុះបណ្ដាលដល់យុវជនទូទាំងខេត្តព្រៃវែងជាទូទៅ និងជាពិសេសនៅមូលដ្ឋានស្រុកបាភ្នំផ្ទាល់។
នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត បានជំរុញឲ្យយុវជនទាំងអស់ ខិតខំសិក្សាស្វែងយល់អំពីជំនាញច្បាប់ឲ្យបានស៊ីជម្រៅ ដើម្បីអាចការពារសិទ្ធិខ្លួនឯង ជួយប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួន និងចូលរួមយ៉ាងសកម្មក្នុងការធានាឲ្យសង្គមជាតិមាននីតិរដ្ឋរឹងមាំ។
បើតាមឯកឧត្តមបណ្ឌិត ងិន បាណាល់ ចំណេះដឹងច្បាប់មិនមែនគ្រាន់តែជាជំនាញសម្រាប់ប្រកបអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាចំណេះដឹងមូលដ្ឋានដែលយុវជនគ្រប់រូបត្រូវតែមានក្នុងនាមជាពលរដ្ឋល្អ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ការយល់ដឹងពីច្បាប់នឹងក្លាយជាកត្តាសម្រេចដ៏សំខាន់ សម្រាប់យុវជនក្នុងការស្វែងរកការងារដែលមានប្រាក់ខែខ្ពស់ និងមានកិត្យានុភាពក្នុងស្ថាប័នរដ្ឋ ឬឯកជន ព្រមទាំងជាមូលដ្ឋានដ៏ល្អបំផុត ក្នុងការកសាងអនាគតឲ្យបានភ្លឺស្វាង។ វគ្គបណ្តុះបណ្តាលនេះជាការវិនិយោគដ៏សំខាន់បំផុតលើធនធានមនុស្សដែលជាសសរស្តម្ភរបស់ប្រទេសជាតិ។
ឯកឧត្តម ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានផ្តល់ជាសារគន្លឹះថា «រៀនច្បាប់ មិនមែនគ្រាន់តែចេះច្បាប់នោះទេ តែគឺដើម្បីក្លាយជាភ្នាក់ងារផ្លាស់ប្ដូរដ៏សំខាន់ដែលជួយឲ្យសង្គមរបស់យើងដើរទៅមុខដោយភាពយុត្តិធម៌»។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ក៏បានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះក្រុមការងារដែលបានរៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើង បង្កើតឱកាសដ៏មានតម្លៃដល់យុវជន នៅក្នុងខេត្តព្រៃវែង។
វគ្គបណ្ដុះបណ្ដាលច្បាប់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងមូលដ្ឋានចំណេះដឹងសម្រាប់យុវជន ដែលជាសសរស្តម្ភនៃនីតិរដ្ឋ។
នៅក្នុងសុន្ទរកថារបស់ឯកឧត្តមបណ្ឌិត ងិន បាណាល់ ក៏បានឆ្លៀតលើកឡើងអំពីតម្លៃដ៏សំខាន់នៃសន្តិភាព ផងដែរ។ ឯកឧត្តមបានរំលឹកថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា កំពុងប្រឈមនឹងភាពតានតឹងឡើងវិញនៅតាមព្រំដែនជាមួយប្រទេសថៃក៏ដោយ ក៏គោលជំហររបស់កម្ពុជា គឺច្បាស់លាស់ ចង់បានសន្តិភាពយូរអង្វែង និងគ្មានសង្គ្រាម។
ឯកឧត្តមបានមានប្រសាសន៍ថា «យើងទាំងអស់គ្នាត្រូវតែចងចាំជានិច្ចថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ។ ទោះបីជាយើងចង់បាននូវដំណោះស្រាយដោយសន្តិវិធីយ៉ាងណាក៏ដោយ ក៏ការត្រៀមខ្លួនការពារបូរណភាពទឹកដីនៅតែជាកាតព្វកិច្ចដ៏ចម្បងរបស់យើង»៕