ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយកុំព្យូទ័រ ដើម្បីលើកទឹកចិត្តជូនសិស្សដែលទទួលបានជ័យលាភីនិទ្ទេស A ចំនួន១៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តឧត្តរមានជ័យ។
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ បានថ្លែងលើកឡើងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៥នេះ ចំនួនសិស្សដែលជាបេក្ខជន ចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានចំនួនសរុប១៧៧២នាក់ ស្រី១០១៤នាក់។ជាលទ្ធផលចំនួនបេក្ខជនដែលប្រឡងជាប់ និទ្ទេសA ចំនួន១៤នាក់ ស្រី១០នាក់ និទ្ទេសB ចំនួន៨០នាក់ ស្រី៤១នាក់ និទ្ទេសC ចំនួន៣២៩នាក់ ស្រី២១៨នាក់ និទ្ទេសD ចំនួន៦៣៦នាក់ ស្រី៣៨៤នាក់ និងនិទ្ទេសE ចំនួន៤៨០នាក់ ស្រី២៥២នាក់។
ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងលើកឡើងថា ទោះបីខេត្តឧត្តរមានជ័យ រងនូវផលប៉ះពាល់ ដោយសារសង្គ្រាមបង្កឡើងដោយកងទ័ឈ្លានពានថៃក៏ដោយ ក៏វិស័យអប់រំនៅតែ បង្ហាញនូវវឌ្ឍនភាពឥតឈប់ឈរ ដែលនេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរខេត្ត គ្រូបង្រៀន អាណាព្យាបាល និង ជាពិសេស គឺការតាំងចិត្តរបស់ សិស្សានុសិស្សផ្ទាល់។ ភាពជោគជ័យនេះ មិនមែនគ្រាន់តែជាតួលេខនៃលទ្ធផល ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាបញ្ជាក់យ៉ាង ច្បាស់ពីការរីកចម្រើន នៃធនធានមនុស្ស និង ការប្រែប្រួលមុខមាត់ថ្មី នៃខេត្តឧត្ដរមានជ័យ ទាំងមូល។
ឯកឧត្តមអភិបាលឧត្តរមានជ័យ បានថ្លែងចូលរួមអបអរសាទរ ជាមួយអាណាព្យាបាល ដែលមានកូនបានប្រឡងជាប់ហើយទទួលបានលទ្ធផលល្អនិទ្ទេសA។ លោកផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ដែលជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនគ្រប់វិស័យ៕