ក្នុងជំនួបជាមួយមេស៉ីម៉ាក់កម្ពុជា, ឯកអគ្គរដ្ឋទូតប្រទេសន័រវេស្ស បញ្ជាក់ពីជំហររបស់រដ្ឋាភិបាលន័រវេស្ស ពិតជាចង់ឃើញការអនុវត្តបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់​ និងការស្តារសន្តិភាពរវាងកម្ពុជា-ថៃឡើងវិញ


ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Astrid Emilie Helle ឯកអគ្គរដ្ឋទូតប្រទេសន័រវេស្សប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅក្រុងបាងកក ប្រទេសថៃ​ និងសហការី​ អមដំណើដោយលោក Hans Risser ប្រធានអង្គការ NPA ប្រចាំនៅកម្ពុជាផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តម ហេង រតនា បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីលទ្ធផលការងារនៃវិស័យមីននៅកម្ពុជា និងសមិទ្ធិផលសម្រេចបានរបស់អង្គភាព CMAC​ ជាពិសេស​កិច្ចសហការ​ជាមួយអង្គការ Norwegian People’s Aid (NPA) ដែលជាដៃគូ​យ៉ាងជិតស្និតជិតរបស់អង្គភាព CMAC ជាង៣៣ឆ្នាំមកហើយ ពោលចាប់ពីឆ្នាំ១៩៩២មកម្លេះ។

ជំនួយដ៏មានតម្លៃរបស់ប្រជាជន និងរដ្ឋាភិបាលន័រវេស្សបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា​ និងចូលរួមពង្រឹងសន្តិភាព​ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឡើងវិញក្រោយសង្គ្រាម។

ជាមួយគ្នានេះដែរ​ ក៏មានការផ្លាស់ប្តូរយោបល់គ្នា​ អំពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជាបញ្ហាសំខាន់ត្រូវការការតាមដាន ជាពិសេស​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃ មកលើដែន​អធិបតេយ្យ និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា​។ ក្នុងកាលៈទេសៈនេះ​ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងគោរពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់​ យ៉ាងម៉ឺងម៉ាត់ និងសង្កត់ចិត្តអត់ធ្មត់សំដៅសម្រេចបានសន្តិភាព សម្រាប់ប្រទេសនិងប្រជាជនជិតខាងគ្នាទាំង២។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ក្នុងវិស័យមីន​ ដែលបានសម្រេចសមិទ្ធិផលយ៉ាងធំធេង និងជាគំរូល្អស្របតាមស្មារតនៃអនុសញ្ញាអូតាវ៉ា​។

លោកស្រីក៏បានបញ្ជាក់បន្ថែមថា ប្រទេសន័រវេស្សមានក្តីសោមនស្ស ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសកម្មភាពមីន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​ ព្រមទាំងបានបញ្ជាក់ជំហថា រដ្ឋាភិបាលន័រវេស្សនឹងបន្តគាំទ្រកម្ពុជា តាមរយៈអង្គការ NPA ក្នុងការបោសសម្អាតមីន ការអប់រំអំពីគ្រោះថ្នាក់មីន និងអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាតមីនរួច។

លោកស្រីក៏បញ្ជាក់បន្ថែមអំពីជំហររបស់រដ្ឋាភិបាលន័រវេស្សពិតជាចង់ឃើញការអនុវត្តបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់​ និងការស្តារសន្តិភាពឡើងវិញ​ ដែលនេះជាឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំង២​ ក៏ដូចជាប្រទេសក្នុងតំបន់ និងក្នុងសកលលោកផងដែរ។

ក្នុងពេលជាមួយគ្នានេះដែរ​ លោក Hans Risser ក៏បានបញ្ជាក់ជំហរបន្ថែមថា​ អង្គភាព NPA និងបន្តសហការជាមួយអង្គភាព CMAC ក្នុងរយៈពេល៥ឆ្នាំ ​(២០២៦-២០៣០) ​បន្តទៀត​ តាមរយៈទទួលជំនួយពីរដ្ឋាភិបាលន័រវេស្ស​ និងសហរដ្ឋអាមេរិក ​ក៏ដូចជាម្ចាស់ជំនួយមួយចំនួនទៀត។

ក្នុងឱកាសក្នុងជំនួបនេះដែរ លោកស្រី​ឯកអគ្គរដ្ឋទូត​ ក៏បានបង្ហាញនូវក្ដីសោកស្តាយ និងចូលរួម​រំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារសង្គ្រាមរយៈពេល៥ថ្ងៃរវាងកម្ពុជា-ថៃ៕