(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែល ទទួលបាននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍កំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា»។
ពិធីសម្ពោធជាផ្លូវការនេះ នឹងបង្ហាញឱ្យកាន់តែច្បាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាសមិទ្ធផលដ៏ធំ និងជាមោទនភាពថ្មីមួយទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធអាកាសយានដ្ឋានតភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។
ជាកម្លាំងចលករដ៏សំខាន់ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាស្ថាបនិកគោលនយោបាយ ឈ្នះ-ឈ្នះ បិតាសន្តិភាព និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានស្នើសុំបងប្អូន មេត្តាយោគយល់ ប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិតេជោ និងអធ្យាស្រ័យ ដោយទីតាំងខាងលើនេះ នឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតីតែម្តង។
តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤គីឡូម៉ែត្រ មានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។
ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀត នឹងបង្កើនសមត្ថភាពអ្នកដំណើរដល់៣០លាននាក់ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះ នឹងពង្រីកបន្ថែមទៀត ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបាន រហូតដល់៤៥លាននាក់ នៅឆ្នាំ២០៥០។
បន្ទាប់ពីអាកាសយានដ្ឋានមួយនេះ បើកដំណើរការគេរំពឹងថា ក្រៅពីការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា ក៏ដើរតួនាទីសំខាន់ ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត ដូចជា វិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជំរុញការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មនានា ជុំវិញតំបន់នោះជាដើម៕