(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី ស្ត្រី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្ដីជូនដំណឹង ទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បាឲ្យដឹងថា៖ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្ត្រី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងដៃគូ អភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះសកល សម្រាប់ជំរុញសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងការពារសិទ្ធិរបស់ ស្ត្រី និងក្មេងស្រីទូទាំងពិភពលោក។
កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី «អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ» ដើម្បីពង្រឹងការគាំទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅ កម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្តសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីទាំងអស់ ដែលស្របតាមរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។
នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្ត្រីនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ គន្លឹះដល់អង្គពិធី។ ក្នុងនាមជាប្រទេសហត្ថលេខីមួយនៃសេចក្តីប្រកាសទីក្រុងប៉េកាំង សម្តេចរដ្ឋសភាធិបតី នឹង លើកឡើងពីវឌ្ឍនភាពនៃការចូលរួមដោយឆន្ទៈមោះមុត និងទស្សនៈវែងឆ្ងាយរបស់សភា ក៏ដូចជារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីនៅកម្ពុជា ក្រោមពាក្យស្លោកថា «ស្ត្រី គឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»។
អំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចរដ្ឋសភាធិបតី មានគម្រោងជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគី ជាមួយថ្នាក់ដឹកនាំសភាបណ្តាប្រទេសនានា ប្រធានស្ថាប័នអន្តរជាតិផ្សេងៗ នៅក្នុងនោះក៏មានការជួបពិភាក្សា ជាមួយ លោក ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ដើម្បី ពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែសកម្ម ស៊ីជម្រៅ ស្របនឹងឆ្នាំទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ជាតិ និងប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចរដ្ឋសភាធិបតី នឹងមានជំនួបទ្វេភាគី ជាមួយគណៈប្រតិភូអង្គការ សហប្រជាជាតិដើម្បីស្រ្តី និងគណៈប្រតិភូនានាផងដែរ៕