ឯកឧត្ដម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឱ្យកាន់តែប្រសើរថែមទៀត


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឱ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះស្រាយបញ្ហាលិចលង់នេះ មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី។ បន្ថែមពីនេះដើម្បីដោះស្រាយនូវការកកស្ទះបរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី)មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងការសាងសង់ ផ្លូវអាកាសនិងផ្លូវរថភ្លើងក្រោមដីផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោកម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៩ ខែតុលា​ ឆ្នាំ​២០២៥នេះនៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាប្រឡាយលូនៅរាជធានីភ្នំពេញ យើងបាននឹងកំពុងធ្វើការស្ដារ លូ ប្រឡាយក៏ដូចជាស្ថាបនាលូថ្មីមួយចំនួន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយ ពេលនេះយើងដោះស្រាយបានមួយកំរិតធំហើយ បើទោះបីមានភ្លៀងធ្លាក់ធំក្នុងកម្រិតណាក៏ដោយ ពោលគឺអាចដោះស្រាយលិចលង់បាន ក្នុងរយៈពេលខ្លីមិនច្រើនម៉ោងដូចកាលពីមុនទេ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ការស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលក្រោមការណែនាំពីសម្ដេចបបរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ធ្វើឱ្យរាជធានីភ្នំពេញ ដោះស្រាយបាននូវការលិចលង់បានមួយកម្រិតធំថែមទៀត។​ ជាក់ស្ដែងនៅផ្នែកខាងជើង ឆៀង​ខាងលិចរាជធានីភ្នំពេញដោះស្រាយនូវការលិចលង់បានយ៉ាងល្អប្រសើរ។​ ចំណែកនៅភាគខាងត្បូង​ ឆៀងខាងកើតរាជធានីភ្នំពេញវិញ យើងក៏នឹងអាចដោះស្រាយបញ្ហាលិចលង់នេះបានល្អដែរ នៅពេលយើងតភ្ជាប់ប្រព័ន្ធលូរួចរាល់។

ឯកឧត្ដម​ ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនឹងបញ្ហាបរាចរណ៍វិញ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ តេជោចូលមកភ្នំពេញ ក្នុងនោះដែរជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញនិងផ្លូវចូលក្រុងផងដែរ។

ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា៖ បើការកកស្ទះចរាចរណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាសនិងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមឃួង ស្រេង ក៏បានលើកឡើងបញ្ហាការប្រមូលសំរាមនៅរាជធានីភ្នំពេញបានល្អហើយមិនកកស្ទះទៀតទេ។ឯកឧត្ដម ជំរុញឱ្យសហគ្រាសគ្រប់គ្រងសំរាមធ្វើការពិនិត្យ សិក្សា ឡើងវិញហើយរកមូលហេតុ ជុំវិញប្រជាពលរដ្ឋដែលមិនព្រមបង់ថ្លៃសំរាម ។ចំពោះអ្នកដែលបានបង់ថ្លៃសំរាមជាប្រចាំហើយ រដ្ឋបាលរាជធានីភ្នំពេញ រក្សាតម្លៃសំរាមដដែលមិនមានគម្រោងនៃការតម្លើងថ្លៃនោះទេ។ កន្លងមក្រុមហ៊ុនស៊ិនទ្រីកំណត់តម្លៃសំរាមខុសឆ្គងដូចជាផ្ទះល្វែងខ្លះ១៥ដុល្លារ១ខែ។ដូច្នេះសហគ្រាសគ្រប់គ្រងសំរាមត្រូវកាត់តម្រឹមការយកតម្លៃខុសបែបបទនេះចេញធ្វើម៉េចឱ្យសមរម្យដើម្បីជំរុញឱ្យពួកគាត់ចូលរួមក្នុងការបង់ថ្លៃសំរាមឱ្យបានទាំងអស់គ្នា។​

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះគណៈអភិបាលរាជធានីនិងរដ្ឋបាលរាជធានីភ្នំពេញក្នុងខែកញ្ញាកន្លងមកពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានធ្វើការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរាបរយនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ។ក្នុងនោះរដ្ឋបាលរាជធានីក៏បានរៀបចំជូនដំណើរប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមរយះរថយន្តក្រុងសាធារណៈបានល្អហើយប្រជាពលរដ្ឋសប្បាយរីករាយដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញអញ្ជើញទៅជូនដំណើរដោយផ្ទាល់ថែមទៀតផង៕