កម្ពុជាត្រៀមទស្សនីយភាពដ៏មានអត្ថន័យ ដើម្បីសម្ដែងក្នុងពិធីទទួលទង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី-២០២៩ នៅបារ៉ែន ចុងខែនេះ


កម្ពុជាបានត្រៀមក្រុមសិល្បៈពិសេស ១ក្រុម ដើម្បីចូលរួមសម្ដែងនូវទស្សនីយភាពរបាំចម្រុះ ក្នុងពិធីទទួលទង់បន្ដវេនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ នាពិធីបិទការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ខណៈទស្សនីយភាពរយៈពេលប្រមាណ ១០នាទី នឹងមានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីបង្ហាញពីនូវកិត្យានុភាពនៃវប្បធម៌។ នេះបើតាមប្រសាសន៍លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខក្រុមសិល្បៈ ក៏ដូចជាក្រុមកីឡាគុនល្បុក្កតោ ដែលបានរួមគ្នាសម្ដែងសាកល្បងនូវទស្សនីយភាពរបាំចម្រុះ ក្រោមចំណងជើងថា «កិត្យានុភាពនៃវប្បធម៌ខ្មែរ» សម្រាប់ត្រៀមចូលរួមសម្ដែងក្នុងពិធីទទួលទង់បន្ដវេនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន កាលពីល្ងាចថ្ងៃទី៩ ខែតុលាកន្លងទៅ នៅនាយកដ្ឋានសិល្បៈ និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះក្រុមសិល្បៈនៃនាយកដ្ឋានសិល្បៈ និងទស្សនីយភាព ដែលត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីឆ្ពោះទៅបង្ហាញសិល្បៈដ៏សម្បូរបែបរបស់ខ្មែរ ក្នុងពិធីទទួលទង់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះបន្តវេនសម្រាប់ឆ្នាំ២០២៩។ ជាមួយគ្នា លោកក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួន សម្រាប់ជាធាតុចូលបន្ថែម ក្នុងការកែលម្អ និងជំរុញធ្វើឲ្យទស្សនីភាព កាន់តែមានគុណតម្លៃបន្ថែមទៀតផងដែរ។

លោក វ៉ាត់ ចំរើន បន្ថែមថា ការសម្ដែងសាកល្បងខាងលើ គឺដើម្បីពិនិត្យនូវចំណុចខ្លាំង ចំណុចខ្សោយ ក៏ដូចជាចំណុចខ្វះខាត ដើម្បីកែលម្អឲ្យបានទាន់ពេលវេលា សម្រាប់រៀបចំទស្សនីយភាពទៅស្វាគមន៍ប្រតិភូ និងអត្តពលិកទាំង ៤៥ប្រទេស ដែលនឹងមានវត្តមានក្នុងពិធីបិទការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មកកាន់ប្រទេសកម្ពុជា នាឆ្នាំ២០២៩ ជាពិសេសគឺការទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេនព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ មកកម្ពុជាតែម្ដង។

លោកថា «នេះជាពេលវេលាមួយ ត្រូវត្រួតពិនិត្យ ពិគ្រោះយោបល់គ្នា និងថែមថយនូវធាតុផ្សំទាំងឡាយ ក្នុងទស្សនីយភាព ដើម្បីបង្ហាញនូវសក្ដានុពលជាតិ នៃវប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និងការអភិវឌ្ឍរបស់សង្គមជាតិយើង ទៅក្នុងទស្សនីយភាពរយៈពេល ១០នាទី ទាំងទស្សនីយភាពជាខ្សែវីដេអូ និងការសម្ដែងផ្ទាល់។ ដូច្នេះការរៀបចំ ត្រូវមានលក្ខណៈពិសេស ដែលមានទាំងវប្បធម៌ ក៏ដូចជាផ្សាភ្ជាប់ការផ្សព្វផ្សាយពីវិស័យកីឡា ហើយកីឡាទៀតសោត ត្រូវមានបញ្ជ្រាបនូវអត្តពលិកជនពិការ ដ្បិតក្រោមការដឹកនាំ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី កម្ពុជាក៏នឹងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ ផងដែរ»។

«អ្វីដែលជាធាតុផ្សំទាំងអស់ ដែលយើងបានបង្ហាញនូវសក្ដានុពលជាតិរបស់យើង នៅលើឆាកអន្ដរជាតិ តាមរយៈទស្សនីយភាពនេះ នឹងធ្វើឲ្យការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ និងការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ នាឆ្នាំ២០២៩ នេះ កាន់តែមានភាពរលូន ហើយនឹងកាន់តែមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ជាពិសេសគឺទាក់ទាញបាននូវការគាំទ្រអន្ដរជាតិ ព្រោះការគាំទ្រពីអន្ដរជាតិ ពីប្រទេសទាំងអស់ និងពីចលនាអូឡាំពិកអាស៊ី នឹងធ្វើឲ្យយើងរៀបចំព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ»។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា ប្រតិភូថ្នាក់ដឹកនាំ សិល្បៈករ-សិល្បៈការិនី និងក្រុមគុនល្បុក្កតោ ដែលត្រៀមចូលរួមសម្ដែងទស្សនីយភាពក្នុងពិធីទទួលទង់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាចុងខែតុលានេះ មានសមាជិកសរុប ៤៥នាក់ ដែលគ្រោងចេញដំណើរនាថ្ងៃទី២៩ ខែតុលា មុនពិធីបិទការប្រកួតផ្លូវការ នៃព្រឹត្តិកាណ៍កីឡាយុវជនអាស៊ី លើកទី៣ នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ ជាមួយគ្នា កម្ពុជាក៏បានត្រៀមអត្តពលិក ១៣ប្រភេទកីឡា ចូលរួមប្រកួត និងដណ្ដើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កម្រិតទ្វីប ៤ឆ្នាំម្ដងនេះផងដែរ ខណៈការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២២ ខែតុលាតទៅ៕