សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពីការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរស្តីពីការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា។

វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា ព្រះរាជាណាចក្រកម្ពុជានឹងមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ចំនួន២៥ (ម្ភៃប្រាំ) លាននាក់ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន២០៥ (ពីររយប្រាំ) ពាន់តោននៅ ឆ្នាំ២០៣៥ ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងស្របតាមស្មារតីរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលបានបង្កើតនិងប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែធ្នូ ក្នុងគោលបំណងប្រារព្ធខួបនៃការចុះហត្ថលេខាអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលត្រូវបានគេស្គាល់ថាជាអនុសញ្ញាឈីកាហ្គោ និងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិល ពិភពលោក រាជរដ្ឋាភិបាលកម្ពុជា សម្រេចកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា និងដាក់ចេញនូវវិធានការណែនាំ ដូចខាងក្រោម៖

១៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមតាមការស្ម័គ្រចិត្តពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំទិវាអាកាសចរណ៍ស៊ីវិលតាមលទ្ធភាព ដូចតទៅ៖
* រៀបចំពិធីតាំងពិព័រណ៍អាកាសចរណ៍ ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលអាកាសចរណ៍នានា ដែលបានសម្រេចក្នុងឆ្នាំនីមួយៗ។
* រៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សិស្ស និងនិស្សិតនៃគ្រឹះស្ថានអប់រំ ដើម្បីទស្សនកិច្ច ប្រតិបត្តិការជាក់ស្តែងរបស់អាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងក្រុមហ៊ុនគ្រប់គ្រងចរាចរណ៍តាមផ្លូវអាកាស។

* រៀបចំកម្មវិធីឃោសនាអប់រំស្តីពី៖
– ការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល
– សាងសំខាន់នៃអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងការចូលរួមជំរុញការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការងារ និងផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក
– ផ្តួចផ្តើមការកសាងនវានុវត្តន៍ និងការការពារបរិស្ថានក្នុងវិស័យអាកាសចរណ៍ស៊ីវិល
– ជំរុញការទាក់ទាញយុវជន និងយុវនារី ចូលរួមបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា
– ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា។
* រៀបចំយុទ្ធនាការតាមបណ្តាញសង្គម ដើម្បីចែករំលែកព័ត៌មានគន្លឹះ រូបភាពជាក់ស្តែង និងទិន្នន័យ នៃការរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិលក្នុងប្រទេស តំបន់ និងអន្តរជាតិ។
* រៀបចំពិធីប្រគល់ពានរង្វាន់ និងបណ្ណសរសើរដល់បុគ្គលិកទាំងរដ្ឋនិងឯកជន ដែលមានស្នាដៃឆ្នើម ក្នុងការបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិល។

២៖ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយទិវាអាកាសចរណ៍ស៊ីវិលនេះតាមលទ្ធភាព៕