គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថាននីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងដែលមានតម្លៃជិត ២០លានដុល្លារ ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ប្រធានក្រុមប្រឹក្សាខេត្ត និងលោក-លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងប្រជាពលរដ្ឋជាច្រើនបានអញ្ជើញចូលរួមផងដែរ។
នៅក្នុងឱកាសនោះលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអនុវត្តគម្រោង បានឱ្យដឹងថា អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងនេះ គឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលបានចាប់ផ្តើមសាងសង់នៅខែសីហា ឆ្នាំ២០២២ ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងទំហំទឹកប្រាក់ជាង ១៩លានដុល្លារ និងបានសាងសង់រួចរាល់ នៅខែមករា ឆ្នាំ២០២៥។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនេះអាចមានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានចំនួន ៥.៤០០ម៉ែត្រីគុណក្នុងមួយថ្ងៃ ដោយប្រើបច្ចេកវិទ្យ Moving Bed Biofilm Reactor (MBBR)។
ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថាននីយប្រប្រឹត្តិកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង គឺបានដំណើរការសាងសង់រួចរាល់នាពេលនេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅក្នុងនីតិកាលទី៧នេះ លើវិស័យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលបានសាងសង់ឡើងនៅក្រុងកំពង់ឆ្នាំង ដែលជាចំណែកមួយក្នុងការជួយធ្វើឱ្យប្រសើរឡើងនូវអនាម័យបរិស្ថានក្នុងក្រុងកាន់តែមានភាពល្អប្រសើរឡើងទៅតាមការ រីកចម្រើននៃប្រទេសជាតិនាពេលបច្ចុប្បន្ន។
គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ឆ្នាំង ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាផ្នែកមួយទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អបរិស្ថាន អនាម័យ និងសោភ័ណភាពក្នុងក្រុង និងបញ្ចៀសពីការជ ន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។
លោករដ្ឋមន្ត្រីក៏បានបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងទស្សនវិស័យវែងឆ្ងាយ នៃរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការលើកកម្ពស់វិស័យអនាម័យដើម្បី ធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាពីការវិនិយោគអនាម័យនៅក្នុងទីក្រុង។
ថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រគល់សមិទ្ធផលជូនទៅរដ្ឋបាលខេត្តកំពង់ឆ្នាំងដើម្បីធ្វើការគ្រប់គ្រង និងប្រើប្រាស់ជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងចូលរួមថែរក្សាការពារសំដៅធ្វើយ៉ាងណាឲ្យហេដ្ឋា រចនាសម្ព័ន្ធដែលទទួលបាននេះ ស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅអនាគត៕