នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក បញ្ចប់ទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅកម្ពុជា


លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានបញ្ចប់ទស្សនកិច្ចនៅកម្ពុជាហើយ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បន្ទាប់ពីលោកបានមកដល់កម្ពុជាកាលពីថ្ងៃទី០៨ ខែតុលា។

នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ ដើម្បី ពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដោយនៅក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ក្នុងជំនួបជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈដែលឆ្នាំនេះគឺជាខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ និងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀត។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង លើវិស័យសក្តានុពល ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេស តាមរយៈយន្តការពិគ្រោះយោបល់នេះ។

ប្រមុខដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ដំណើរទស្សនកិច្ចការងាររបស់ លោកបណ្ឌិត Roosevelt Skerrit មកកាន់កម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕