ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាលត្ថេរ ធី ម៉ាន់ ព្រះចៅអធិការវត្តនគរបាជ័យក្នុង ស្ថិតក្នុងស្រុកកំពង់សៀម


នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តច្រើនទៀត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាលត្ថេរ (ឥន្ទមុនី) ធី ម៉ាន់ ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះឧបជ្ឈាយ៍ប្រចាំស្រុកកំពង់សៀម។

ព្រះបាលត្ថេរ (ឥន្ទមុនី) ធី ម៉ាន់ ជាព្រះចៅអធិការវត្តនគរបាជ័យក្នុង ដែលបានទទួលអនិច្ចធម្មកាល ពីថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលា ម៉ោង៤:១៨នាទីរសៀល ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សា ដោយព្រះជរាពាធ ស្តិនៅក្នុងវត្តនគរបាជ័យក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយថ្នាក់ដឹកនាំវត្តនគរបាជ័យក្នុង សិស្សគណ កូនចៅទាំងអស់របស់ព្រះសព។

ព្រះចៅអធិការវត្តនគរបាជ័យក្នុង ជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សាទំនុកបម្រុងដល់សិស្សគណ ពុទ្ធបរិស័ទ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានយកអស់កម្លាំងកាយចិត្ត ចូលរួមអភិវឌ្ឍន៍ កសាងប្រទេសជាតិ និងសាសនា បានរុងរឿងរីកចម្រើនតរៀងមក។

ឯកឧត្តម អ៊ុន ចាន់ដា និងថ្នាក់ដឹកនាំរួមដំណើរ បានបួងសួង ឧទ្ទិសនូវមហាបុញ្ញកុសលផលបុណ្យទាំងឡាយ ប្រគេនចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះសព សូមឱ្យបាននិមន្តទៅកាន់បរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕