អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តពន្លត់អគ្គិភ័យជូនស្នងការនគរបាលខេត្ត២គ្រឿង និងជូនមន្ទីរសុខាភិបាល២គ្រឿង


អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានប្រគល់រថយន្តពន្លត់អគ្គិភ័យ ជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន ២គ្រឿង និងរថយន្តសង្គ្រោះ ជូនមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចំនួន២គ្រឿង ដែលពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។

លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា រថយន្តចំនួន២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តនាពេលនេះ គឺទុកប្រើប្រាស់សម្រាប់ដឹកជញ្ជូញអ្នកជំងឺ ដោយក្នុងនោះ ១គ្រឿង ទុកប្រចាំការនៅមណ្ឌលសុខភាព ឃុំហាន់ជ័យ និង ១គ្រឿងទៀត ទុកប្រចាំការនៅមណ្ឌលសុខភាពឃុំទ្រាន ក្នុងស្រុកកំពង់សៀម។

ដោយឡែកសម្រាប់រថយន្ត ២គ្រឿងទៀត ដែលប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត គឺសម្រាប់ឲ្យការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះប្រើប្រាស់។

លោកឧត្តមសេនីយ៍ត្រី មិន សុគន់វិបុល ស្នងការរងទទួលផែនការិយាល័យពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងផងដែរថា ខេត្តកំពង់ចាមមានរថយន្តពន្លត់អគ្គីភ័យសរុប ១៧គ្រឿង ក្នុងនោះប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្ត ៤គ្រឿង (រថយន្តស្ទូច ១គ្រឿង) អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង ស្រុកកោះសូទិន ២គ្រឿង ស្រុកកំពង់សៀម ៣គ្រឿង និងនៅតាមបណ្តាក្រុង ស្រុកទាំង៥ទៀត មានរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងៗដូចគ្នា និងថ្ងៃនេះបានទទួលអំណោយរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿងបន្ថែមទៀត៕