កម្ពុជា-សហរដ្ឋអាម៉េរិក វាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់អំពីវឌ្ឍនភាពថ្មី នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាមេរិក។

បើតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបប្រជុំជាមួយឯកអគ្គរដ្ឋទូត Jamieson GREER ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំនេះបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាទទួលបានអត្រាពន្ធគយ បដិការត្រឹម ១៩% ពោលគឺបានចុះពីអត្រាពន្ធគយបដិការដំបូង ដែលមានរហូតដល់ ៤៩%។

លទ្ធផលនៃការ កាត់បន្ថយអត្រាពន្ធគយបដិការនេះ សម្រេចបានបន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញ ដែលបានប្រព្រឹត្តទៅតាមរយៈ ប្រព័ន្ធវីដេអូចំនួន ៧លើក និងជួបផ្ទាល់ចំនួន៣ជុំ។

រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕