មេបញ្ជាការមូលដ្ឋានសមុទ្ររាម ជួបពិភាក្សាការងារជាមួយគណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី ក្រោយនាវាចម្បាំងអូស្ត្រាលីចូលចតនៅកំពង់ផែក្រុងព្រះសីហនុ


គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី ដឹកនាំដោយលោកវរនាវីទោ Dean Uren មេបញ្ជាការនាវា HMAS Ballarat -FFH155(Anzac Class FFH) និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-អូស្ត្រាលី ឲ្យកាន់តែល្អទ្វេឡើងថែមទៀត៕

នាវាចម្បាំង HMAS Ballarat -FFH155 (Anzac Class FFH) របស់កងទ័ពជើងទឹកអូស្ត្រាលី ផ្ទុកនាវិក ១៩២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមជម្រាបថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ របស់នាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី)៕