គ្រួសារកូនភ្លោះបី ដែលជាគ្រួសារទី៤២៨ នៅស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត


ទារិកាភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្មួយៗរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានទទួលអំណោយដ៏សប្បសធម៌ របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ទទួលបានថវិកា១០លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ អញ្ជើញនាំយកអំណោយដ៏សប្បរសធម៌របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត យកទៅចែកផ្ទាល់ដៃជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្មួយៗរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដល់លំនៅដ្ឋានកូនភ្លោះបី ស្ថិតនៅភូមិជីអាត ឃុំអូរចំណារ ស្រុកស្ទោង ខេត្តកំពង់ធំ។

ទារិកាភ្លោះទាំងបី ដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវបណ្ឌិត នៅពេលនេះជាកូនលើកទី២ ដែលមានឪពុកឈ្មោះ ឃឿន ខិន អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ លន ចន្នី អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ។ ទារិកាភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ភា ខេត្តសៀមរាប មានស្រី៣នាក់។

នៅចំពោះមុខគ្រួសារកូនភ្លោះបី ឯកឧត្តម សេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទី កន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេល ជាង២៦ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៤២៨គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

ឯកឧត្តមបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់។ លោកបន្ថែមថា ដោយក្តីអាណិតស្រឡាញ់ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភថវិកាចំនួន៥លានរៀល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារដែលទទួលបានកូនភ្លោះបីនាក់ និងគឺជាគ្រួសារលើកទី៤ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត។

ឯកឧត្តម សេង ទៀង បានធ្វើការណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់ទារកឲ្យបានគត់មុន ពោលប្រសិនបើទារកមានអាការៈអ្វីខុសពីប្រក្រតី សូមយកកូនទៅកាន់មន្ទីរពេទ្យ រឺមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត របស់ទារក។ តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេច ពោលគឺពេលនេះសម្តេចបានចាត់ឲ្យតំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះបីនាក់ ដើម្បីជួយសំរាលដល់ការលំបាក់ក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំងបីនាក់នេះ ឲ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀត ក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនោះ ដោយមានក្តីអាណិតស្រឡាញ់ចំពោះវីរកងទ័ពពិការ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងភូមិសាស្រ្តមុំបី ដោយកងទ័ពថៃឈ្លានពាន លោក សេង ទៀង បានឧបត្ថម្ភថវិកាផ្ទាល់របស់លោក ជូនយុទ្ធជនពិការឈ្មោះ មាស នី អាយុ៥៨ឆ្នាំ អង្គភាពកងពលលេខ៩ ចំនួន ១លានរៀល និងបានឧបត្ថម្ភថវិកា ១លានរៀនទៀត ជូនដល់ក្មួយស្រី ហៀង ចាន់ថន ដែលរងគ្រោះថ្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍បាក់ជើងធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ដោយសារក្រុមគ្រួសារខ្វះថវិកាក្នុងការព្យាបាលជើងក្មួយស្រីដែលរងរបួស ឯកឧត្តម សេង ទៀត បានឲ្យក្រុមគ្រួសារបញ្ជូនក្មួយស្រី ហៀង ចាន់ថន ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ ដោយឯកឧត្តមជាអ្នករ៉ាប់រងចេញថវិកាដល់ការព្យាបាលរបួសជើងរបស់ក្មួយស្រី រហូតដល់ជាសះស្បើយ។

យុទ្ធជនពិការ និងក្មួយស្រីរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម សេង ទៀត ដែលបានឧបត្ថម្ភដ៏មានតម្លៃជួយសម្រួលដល់ការលំបាករបស់ខ្លួន។ ជាមួយគ្នានេះ ក្មួយស្រី ហៀង ចាន់ថន និងក្រុមគ្រួសារ បានលើកហត្ថថ្លែងអំណរគុណដោយសេចក្តីគោរពកតញ្ញូតាធម៌ ជូនចំពោះលោក សេង ទៀត ដែលបានឧបត្ថម្ភថវិកា ពិសេសបានជួយដល់ការព្យាបាលជើងរបួសរបស់ក្មួយស្រី ហៀង ចាន់ថន រហូតដល់ជាសះស្បើយ៕