អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ និទ្ទេស A


នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលទទួលបាននិទ្ទេស A។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តប៉ៃលិនក្នុងឆ្នាំ២០២៥នេះ គឺមានបេក្ខជនប្រឡងសរុបចំនួន ៦០៣នាក់ ស្រី ៣៨២នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៧៣នាក់ ស្រី ៤០នាក់ ហើយក្រោយពីការផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលទូទាំងខេត្ត ប្រកបដោយការយកចិត្តទុកដាក់ជាលទ្ធផលទទួល បានបេក្ខជនប្រឡងជាប់សរុបចំនួន ៥២១នាក់ ស្រី ៣៣៧នាក់ ស្មើនឹង៨៧,៤២% ស្រី៨៨,៦៨% ក្នុងនោះ និទ្ទេស A ០៣ នាក់ ស្រី ០១នាក់ ស្មើនឹង ០,៥០% ស្រី ០,២៦%, និទ្ទេស B ១៧ នាក់ ស្រី ១១នាក់ ស្មើនឹង ២,៨៥% ស្រី ២,៨៩%, និទ្ទេស C = ១១៥ នាក់ ស្រី៨៣នាក់ ស្មើនឹង ១៩,៣០% ស្រី ២១,៨០%, និទ្ទេស D = ២២៨ នាក់ ស្រី ១៦០នាក់ស្មើនឹង ៣៨,៣០% ស្រី ៤២,១០% និង និទ្ទេស E ១៥៨ នាក់ ស្រី ៨២នាក់ ស្មើនឹង២៦,៥០% ស្រី ២១,៦០%។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរាជរដ្ឋាភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួម ចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាពប្រកួតប្រជែង នៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុងខេត្តប៉ៃលិន គឺស្តែងចេញពីលោក លោកស្រី អង្គភាពពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូមាតាបិតា ឬអ្នកអាណាព្យាបាល សិស្សានុសិស្ស ដែលបានសហការជួយបង្កលក្ខណៈឱ្យកូនចៅមករៀន បានទៀងទាត់ និងធ្វើការតាមដានការសិក្សារបស់ពួកគជាប្រចាំដោយសហការគ្រប់យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្រប តាមចតុស្ដម្ភទាំងបួនរួមមាន វិជ្ជាសម្បទា បំណិនសម្បទាចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង អភិវឌ្ឍន៍ ប្រទេសជាតិ។

នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានកោតសសើរមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យទាំងពីរក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុង ការផ្ទេរចំណេះដឹងដល់ សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព និងសូមផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគត របស់ខ្លួន និងប្រទេសជាតិ ជាពិសេសត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងធំបងតូច និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាព ក្នុង ការ ទៅបន្តការសិស្សានៅសកលវិទ្យាល័យនានា សូម ទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីស្វែងរកអាហារូបករណ៍ផ្តល់ជូនសម្រាប់បន្តការសិក្សារៀនសូត្រ។

សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជូនរង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រ ១គ្រឿង, និងថវិកាចំនួន ១លានរៀល ផងដែរ៕