ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបើកវិញ្ញាសារប្រឡងសិស្សឆ្នើមថ្នាក់ទី១០ យកពានរង្វាន់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅខេត្តកំពង់ចាម


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញកាត់បើកវិញ្ញាសារប្រលងសិស្សឆ្នើមថ្នាក់ទី១០ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ប្រចាំស្រុកព្រៃឈរ ដើម្បីដណ្ដើមយកពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

បើតាមលោក ឡង ភុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកព្រៃឈរ បានឲ្យដឹងថា សម័យប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្ដើមពានរង្វាន់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសនេះមានបេក្ខជនចំនួន ១៨៩នាក់ ក្នុងនោះស្រីចំនួន ១២៨នាក់ មកពីវិទ្យាល័យចំនួន៥ ក្នុងស្រុកព្រៃឈរ ។ ចំពោះការប្រឡងនេះគឺប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយប្រឡងលើមុខវិជ្ជាចំនួន ៤ ក្នុងនោះមានរូបវិទ្យា គណិតវិទ្យា ប្រវត្តិវិទ្យា និងខ្មែរ ។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាពរបស់បេក្ខជនដែលចូលប្រឡង ជាងនេះទៅទៀតសូម្បីតែបេក្ខជនដែលបានចូលរួមប្រឹងប្រែងប្រឡងនេះ ក៏ចាត់ទុកថាជាមោទនភាពមួយក្នុងការរកផ្លូវទៅកាន់ភាពជោគជ័យ ម្យ៉ាងទៀតគណៈកម្មការបានរៀបចំដោយយកចិត្តទុកដាក់ ដើម្បីធានាថា ការប្រឡងនេះ ទទួលបាននូវតម្លាភាព សុក្រិតភាព ត្រឹមត្រូវ ១០០ភាគរយ ៕