សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញេីសាររំលែកទុក្ខជូនលោកស្រី Christiane Le lidec ចំពោះមរណភាពរបស់លោក Gildas Le Lidec អតីតឯកអគ្គរដ្ឋទូតតំណាងប្រទេសបារាំងនៅកម្ពុជា ដែលត្រូវជាស្វាមី។
លិខិតរំលែកទុក្ខ បានសរសេរយ៉ាងដូច្នេះថា «មរណភាពរបស់ ឯកឧត្តម Le Lidec ដែលជាស្វាមីរបស់លោកជំទាវ គឺជាពេលវេលាប្រកបដោយទុក្ខដ៏ក្រៀមក្រំបំផុតសម្រាប់លោកជំទាវ ក្រុមគ្រួសារ និងសម្រាប់មនុស្សទាំងអស់ដែលបានស្រឡាញ់ឯកឧត្ដម Le Lidec។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ និងគោរពវិញ្ញាណក្ខន្ធឯកឧត្តម Le Lidec។
ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ ឯកឧត្តមឯកអគ្គរដ្ឋទូត Gildas Le Lidec បានតំណាងប្រទេសបារាំងនៅកម្ពុជាក្នុងអំឡុងពេលដ៏លំបាកមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ដោយផ្អែកលើសមត្ថភាព និងវិជ្ជាជីវៈការទូតដ៏ប៉ិនប្រសប់ ឯកឧត្តម Gildas Le Lidec បានបំពេញបេសកកម្មរបស់ឯកឧត្តម ប្រកបដោយឆន្ទៈដ៏ខ្ជាប់ខ្ជួនក្នុងការបម្រេីផលប្រយោជន៍ប្រទេសទាំងពីរឱ្យបានល្អបំផុត។
ការកសាង និងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ
ស្របតាមគុណភាពដ៏វិសេសវិសាលនៃប្រវត្តិសាស្ត្ររួមគ្នាយូរអង្វែងនៃប្រទេសយើងទាំងពីរ គឺជាបញ្ហាប្រឈមដែលត្រូវតែដោះស្រាយ នៅពេលនោះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត
Gildas Le Lidec បានបំពេញកាតព្វកិច្ចនោះ ដោយទទួលបានជោគជ័យគួរឱ្យកត់សំគាល់។
ឯកឧត្តមឯកអគ្គរដ្ឋទូត Le Lidec បានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីសហប្រតិបត្តិការដែល ឯកឧត្តម បានដឹកនាំអនុវត្ត ឬផ្តួចផ្តើម។ កម្មវិធីទាំងនោះ នៅតែបន្តដំណើរការ និងឆ្លើយតបទៅនឹងទស្សនៈវិស័យដែល ឯកឧត្តម មានចំពោះអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។
លើវិស័យមនុស្សធម៌ ឯកឧត្ដម Le Lidec នាពេលនោះ អាចពឹងផ្អែកលើសេចក្ដីសប្បុរស និងប្រសិទ្ធភាពនៃកិច្ចការសប្បុរសធម៌ដែល លោកជំទាវផ្ទាល់ បានធ្វើដោយស្ងាត់ស្ងៀម ជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។
ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ធំធេងដែលលោកជំទាវកំពុងជួបប្រទះ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្ររបស់ខ្ញុំ ចំពោះលោកជំទាវ និង សូមទទួលនូវការរាប់អានពីខ្ញុំ»៕