ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រកំព្យូទ័រថ្នាក់បឋម ដល់សិស្សសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា នៃស្រុកបារាយណ៍ វគ្គទី៤០ ចំនួន ៤១នាក់ និងបើកវគ្គទី៤១ ថ្មីបន្ថែមទៀត។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក, លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ លោកប្រធានការិយាល័យអប់រំស្រុក លោកគ្រូគ្រប់គ្រងវគ្គកុំព្យូទ័រ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើនទៀត។
ជាកិច្ចចាប់ផ្តើមនាឱកាសនោះ លោក ហុង សុខអឿន ប្រធានគ្រប់គ្រងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា នៃស្រុកបារាយណ៍ បានរាយការណ៍ជូនអង្គពិធីអំពីប្រវត្តិ និងដំណើរការវគ្គសិក្សាកុំព្យូទ័រ ដែលបានចាប់ផ្តើមបើកវគ្គដំបូងនៅឆ្នាំ២០០៩ ដែលមានតែ ២បន្ទប់សិក្សា រហូតដល់បានសាង់សង់អគារសិក្សា០១ខ្នង ០២ជាន់ កាលពីឆ្នាំ២០១៨ ដោយថវិការបស់សប្បុរសជនជាជនជាតិបារាំង លោក Édouard George ប្រធានក្រុមហ៊ុន Phoenix Voyages។ គិតមកដល់ឆ្នាំ២០២៥នេះ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មាន និងទេសចរណ៍នេះបានបណ្តុះបណ្តាលជំនាញកុំព្យូទ័របឋមបានចំនួន ៤០វគ្គ និងសិស្សបានបញ្ចប់ការសិក្សាចំនួន ១ ៥៥៩នាក់ ហើយបាននិងកំពុងបើកវគ្គថ្មី (ទី៤១) ដែលវគ្គថ្មីនេះសិក្សារយៈពេល ០៥ខែ និងបញ្ចូលកម្មវិធីថ្មីគឺ អក្ខរកម្មឌីជីថល។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ ហុង សុខអឿន ដែលបានបង្ហាត់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរនាពេលនេះ និងថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយសម្របសម្រួល និងបង្កលក្ខណៈក្នុងការធ្វើវិញ្ញាបនបត្រ ពិសេសពីការិយាល័យអប់រំស្រុក និងរដ្ឋបាលស្រុកបារាយណ៍ ដែលបានទទួលស្គាល់វគ្គសិក្សាកន្លងមកនេះ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ថែមថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រោមម្លប់នៃសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី និងការបន្តវេនដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូប និងគ្រប់មូលដ្ឋាន។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ និងបានជំរុញឱ្យកូនខ្មែរខិតខំប្រឹងប្រែងរស់ដោយខ្លួនឯង តាមរយៈការប្រើប្រាស់ផលិតផលក្នុងស្រុក និងបង្កើនការដាំដុះ និងការផលិតដើម្បីជំនួសការនាំចូលអោយបានច្រើន។
ពាក់ព័ន្ធរឿងបច្ចេកវិទ្យា ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ដែរថា បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ មានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ដែលបាននិងកំពុងផ្លាស់ប្តូររបៀបធ្វើការងារនៅកម្ពុជា ដែលបច្ចេកវិទ្យាទាំងនេះរួមមាន៖ ឧបករណ៍វ័យឆ្លាតដូចជា៖ Smart phone, Ipad, Laptop, ការទូទាត់តាមបែបឌីជីថល , ធនាគារអេឡិចត្រូនិក, ពាណិជ្ជកម្មអនឡាញ, ព័ត៌មានអនឡាញ និងការធ្វើទីផ្សារតាមបែបឌីជីថល ដូចនេះការចេះជំនាញបច្ចេកវិទ្យានេះគឺពិតជាសំខាន់ណាស់។
បន្ថែមពីនេះបន្ទាប់ពីបានឃើញសិក្សានុសិស្សបានបញ្ចប់ការសិក្សាវគ្គកំព្យូទ័រនៅទីនេះ បានបន្តការសិក្សា រៀនសូត្រ ពង្រឹងសមត្ថភាពជំនាញបន្ថែម ព្រមទាំងទទួលបាននូវការងារធ្វើសមរម្យផងនោះ លោកបណ្ឌិត ថោង ខុនប្រកាសនឹងនៅបន្តជួយឧបត្ថម្ភគាំទ្រដល់សាលាបណ្តុះបណ្តាលនេះទៅមុខទៀត ដើម្បីក្លាយជាថ្នាលបណ្តុះបណ្តាលជំនាញកំព្យូទ័រសម្រាប់សិស្ស និងយុវជនជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ដែរថា នាឱកាសនោះដែរដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលបានបញ្ចប់វគ្គសិក្សា និងសិស្សចូលរៀនវគ្គថ្មី ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានចែកជូនដល់សិស្សរួមមាន៖ សម្រាប់សិស្សបញ្ចប់វគ្គទី៤០ ក្នុងសិស្ស ០១នាក់ ទទួលបានវិញ្ញាបនបត្រ ១សន្លឹក និងថវិកា ១ម៉ឺនរៀល, សិស្សវគ្គថ្មី ៥៥នាក់ ក្នុង ១នាក់ ទទួលបានថវិកា ១ម៉ឺនរៀលផងដែរ៕