រដ្ឋសភា បើកសម័យប្រជុំវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥។

សេចក្ដីព្រាងច្បាប់ទាំង៥នោះរួមមាន៖

*ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
*ទី២៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។
*ទី៣៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
*ទី៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។
*ទី៥៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។

សេចក្តីព្រាងច្បាប់ទាំង៥ នេះមានសារៈសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា សុវត្ថិភាពចំណីអាហារ យុត្តិធម៌ ទំាងក្នុងប្រកខណ្ឌព្រះរាជាណាចក្រកម្ពុជា តំបន់អាស៊ាន និងពិភពលោក។ កិច្ចប្រជុំសម័យរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នាព្រឹកនេះ បានប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងទាំង៥ មួយម្តងៗ ដោយបានអនុម័តសេចក្តីព្រាងច្បាប់ទាំងអស់ជាឯកច្ឆន្ទ។

ទី១៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន មានគោលបំណងធានាការពារសុខភាពអ្នកប្រើប្រាស់ សម្រួលការធ្វើ ពាណិជ្ជកម្ម ធ្វើឱ្យមានលំហូរម្ហូបអាហារមានសុវត្ថិភាពដោយសេរីនៅក្នុងរដ្ឋសមាជិក ពង្រឹងសមត្ថភាព សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជា ជាដើម។

ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល ដើម្បីសម្រួលដល់បម្លាស់ទីនិងលំហូរនៃបុគ្គលជំនាញនិងអ្នកចូលមកទស្សនកិច្ច ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែល ជាផ្នែកសំខាន់មួយរបស់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ក្នុងការសម្រេចបាននូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចខ្ពស់ និងការផ្សាភ្ជាប់សេដ្ឋកិច្ចជាធ្លុងមួយ។

ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចូលរួមចំណែកលើកកម្ពស់តម្លាភាពនិងប្រសិទ្ធភាព នៅក្នុងការអនុវត្តជំពូក ស្តីពីវិធានដើមកំណើតទំនិញ ជាពិសេសវិធានជាក់លាក់សម្រាប់ផលិតផលសំដៅជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង បង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ។

ទី៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ មានគោលបំណងពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច ដែលទទួលបានពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មទីផ្សារការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសាកលសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគ និងការធានាភាពប្រកួតប្រជែង ដោយតម្លាភាពជាដើម ដែលអនុវត្តដោយគ្រប់បណ្តាភាគីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែទូលំទូលាយ ដែលជាកត្តាវិជ្ជមាន ក្នុងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស បង្កើនចំណូលជាតិ។

ទី៥៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម មានគោលបំណង គាំទ្រគោលនយោបាយនិងនិន្នាការរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធីតាមរយៈយន្តការសន្ធានកម្ម សម្របសម្រួល ដោយភាគីទីបីដែលជាមធ្យោបាយអាចជឿទុកចិត្តបាន និងមានប្រសិទ្ធភាពដើម្បីដោះស្រាយភាពខុសគ្នាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិយុត្តិធម៌ និងគោលការណ៍ឈ្នះឈ្នះ ផ្តល់ភាពបត់បែន និងជម្រើសបន្ថែមដល់កម្ពុជាក្នុងការនាំវិវាទរបស់ខ្លួនទៅ ដោះស្រាយនៅក្រោមក្របខ័ណ្ឌអន្តរជាតិ៕