សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពេលប្រយុទ្ធគ្នា មកទល់ម៉ោងនេះ កងទ័ពគ្រប់ជាន់ថ្នាក់លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីកម្ពុជា, សង្គ្រាមគ្មានចំណេញទាំងថៃ និងកម្ពុជា


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្នុងរយៈពេលប្រយុទ្ធគ្នា មកទល់ម៉ោងនេះ កងទ័ពគ្រប់ជាន់ថ្នាក់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ម៉ោងនេះគ្មានភាពចាំបាច់និយាយរឿងបាត់បង់ ឬទ័ពខ្មែរអន់បែបនេះបែបនោះឡើយ, សង្គ្រាមគ្មានចំណេញទាំងថៃ និងកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ការបញ្ជាឲ្យកងទ័ពដកថយក្រោយពេលបទឈប់បាញ់ អត់មានទេ។ ហើយខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលសួរថា បទឈប់បាញ់ បាត់នរណាខ្លះ ការពារណាខ្លះ មេទ័ពណាស្លាប់ មេទ័ពណារស់។ ជម្លោះមិនទាន់ចប់ទេ បញ្ហាវានៅ ការលាក់ការណ៍យោធាយ៉ាងណា។ ប៉ុន្តែ ខ្ញុំសុំកុំសួរ រឿងកន្លែងណាបាត់ កន្លែងណាបាន ខ្ញុំសុំឲ្យបងប្អូនជឿទុកចិត្តតែមួយគត់ ថាក្នុងរយៈពេលប្រយុទ្ធគ្នារហូតមកដល់ម៉ោងនេះ កងទ័ពរបស់យើង ទាំងថ្នាក់បញ្ជាការសមរភូមិ យុទ្ធជនម្នាក់ៗ បានខិតខំលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីរបស់យើង»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ម៉ោងនេះ មិនត្រូវការបំបែកបំបាក់គ្នា និងមិនទុកចិត្តគ្នា តាមរយៈការចោទថា ទីតាំងនេះគេយក ទីតាំងនោះគេយក និងអ្នកនេះស្លាប់ អ្នកនោះស្លាប់នោះទេ។ សម្តេចស្នើសុំឲ្យមូលមតិគ្នា មិនថានិន្នាការណាទេ គឺត្រូវទទួលស្គាល់ការលះបង់សាច់ស្រស់ ឈាមស្រស់ របស់កងទ័ពរបស់យើង ក្នុងការការពារទឹកដី ទាំងមេទ័ព និងទាំងយុទ្ធជន និងកុំថាទ័ពខ្មែរអន់ចំណុចនេះ ឬទ័ពខ្មែរអន់ចំណុចនោះជាដើម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «សង្គ្រាមគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ទេ ស្លាប់ទាំងអស់គ្នា ទាំងខ្មែរ ទាំងថៃ។ សង្គ្រាមធ្វើឲ្យប្រជាជនទាំងសងខាងភ្នែកនៅកញ្ចឹងក ក្លាយជាជនភៀសខ្លួន ផ្ទះខ្ទេចខ្ទាំ អ្នកខ្លះត្រឡប់ទៅវិញមែន ប៉ុន្តែគាត់នៅមិនសុខទេ ថ្ងៃណាទៀត គេប្រកាសអាសន្នឲ្យជម្លៀសទៀត វាអត់មានចំណេញ។ អ្វីដែលដាក់ទិសដៅចំណេញ គឺព្យាយាមរួមគ្នា មូលមតិគ្នា ដើម្បីការពារជាតិរបស់យើង រកការដោះស្រាយជម្លោះបញ្ចប់ ដើម្បីឲ្យស្ថានភាពទៅធម្មតា ដើម្បីអាចធ្វើការងារដោយសន្តិវិធី ដើម្បីចរចាព្រំដែនបន្តទៀត។ នេះជាគោលដៅ ដែលរដ្ឋាភិបាលប្រកាន់ខ្ជាប់ និងបន្តធ្វើទៀត»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើប្រជាពលរដ្ឋបន្ដទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន។ បើតាមការលើកឡើរបស់សម្តេច អ្នកនៅសមរភូមិមុខ ត្រជាក់ជាងអ្នកនៅក្រោយ ហើយតែងចង់ឲ្យបញ្ហាបញ្ចប់ដោយឆាប់រហ័ស។

ការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ដែលថៃបើកការវាយប្រហារមុននោះ បង្កឲ្យមានការផ្ទុះអាវុធអស់ ៥ថ្ងៃ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននាំមកនូវបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានម៉ាឡេស៊ីបានសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចា ខណៈប្រទេសជាមិត្តបរទេសដទៃទៀត ជាពិសេសប្រទេសចិន បានខិតខំលើកទឹកចិត្តឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងការដឹងគុណចំពោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនាំមកនូវបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតឈានដល់មានសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព ហើយអរគុណដល់ម៉ាឡេស៊ី ដែលបានសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាកន្លងមក។ កម្ពុជាក៏បានអរគុណដល់ប្រទេសជាមិត្តបរទេសដទៃទៀត ជាពិសេសប្រទេសចិនតែម្តង ដែលតែងតែខិតខំលើកទឹកចិត្តឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នា។

សូមជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រៀងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ។ ការចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេច នៅថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕