កម្ពុជា-ថៃ បន្តបើកកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី០២ លើទឹកដីខេត្តចន្ទបុរី ប្រទេសថៃ


(ថៃ)៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។

ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំពិសេស JBC ថ្ងៃទី២នេះ ក៏មានការចូលរួមពីភាគីពាក់ព័ន្ធដូចជាមន្ត្រីមហាផ្ទៃ មន្ត្រីការពារជាតិ និងថ្នាក់ដឹកនាំបណ្តាខេត្តជាប់ព្រំដែន។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេស JBC រយៈពេលពីរថ្ងៃនេះ នឹងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ចំនួន២រួមមាន៖

១៖ ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបាន ធ្វើ ឡើ ងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥

២៖ ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

តាមរយៈកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ រយៈពេលពីរថ្ងៃនេះ ជាការបង្ហាញនូវកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការ ដោះ ស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ កម្ពុជា និងថៃ ដែលជាអ្នកជិតខាងនឹងគ្នារាប់រយឆ្នាំមកហើយ នោះ មិនអាចសាងភាពសុខសាន្ត ហើយជម្លោះនឹងនៅតែកើតមានដរាបណាបញ្ហាមិន ត្រូវបានដោះស្រាយ ឬខណ្ឌសីមាប្រទេសទាំងពីរមិនត្រូវបានកំណត់ឱ្យបានច្បាស់លាស់៕