កិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំពិសេស JBC ថ្ងៃទី២ បានចាប់ផ្តើមហើយ


(ចន្ទបុរី, ថៃ)៖ បន្ទាប់ពីចំណាយពេលសរុប១៣ម៉ោងលើការសម្របសម្រួលបញ្ហាដែលមិនត្រូវគ្នានោះ កិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមហើយនៅវេលាម៉ោង១២៖១២នាទីរំលងអាធ្រាត្រថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

មុនឈានដល់កិច្ចប្រជុំពេញអង្គនាយប់នេះ ភាគីទាំងពីរបានប្រជុំផ្ទៃក្នុងរៀងៗខ្លួនជាច្រើនម៉ោង ដើម្បីឈានទៅរកការឯកភាពលើចំណុចនានា ដែលបានដាក់ចូលក្នុងកិច្ចពិភាក្សា។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ គឺជាកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីជជែកពាក់ព័ន្ធខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ។ កិច្ចប្រជុំពិសេស JBC រយៈពេលពីរថ្ងៃនេះ ភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ និងមានសមាស​ភាពអន្តរ​ក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។

ដោយឡែកភាគីថៃវិញ ដឹកនាំដោយលោក Prasas Prasasvinitchai ទី​ប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និង​ដោយ​មានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។

កិច្ចប្រជុំពិសេសនេះ ពិនិត្យ និងពិភាក្សាលើរបៀបវារៈ​សំខាន់ៗ​ចំនួន២រួមមាន៖

១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបាន​ធ្វើ​ឡើ​ងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥។

២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

ក្រៅពីរបៀបវារៈចម្បងទាំងពីរខាងលើ កិច្ចប្រជុំ ក៏នឹងជជែកលើបញ្ហាព្រំដែនដែលទើបវិវត្តន៍ថ្មីរវាងប្រទេសទាំងពីរផងដែរ។

តាមរយៈកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ រយៈ​ពេលពីរថ្ងៃនេះ ជា​ការបង្ហាញនូវកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការ​ដោះ​​ស្រាយបញ្ហា​ព្រំដែន​រវាងកម្ពុជា-ថៃ។ កម្ពុជា និងថៃ ដែលជាអ្នកជិតខាងនឹងគ្នារាប់រយឆ្នាំមកហើយ​នោះ មិនអាចសាងភាពសុខសាន្ត ហើយជម្លោះនឹងនៅតែកើតមាន ដរាបណា​បញ្ហា​មិន​ត្រូវបានដោះស្រាយ ឬខណ្ឌសីមាប្រទេសទាំងពីរមិនត្រូវបានកំណត់ឱ្យបាន​ច្បាស់​លាស់៕